(សៀមរាប)៖ ដោយបានការយកចិត្តទុកដាក់ក៏ដូចជាផ្តល់ភាពកក់ក្តៅដល់មន្រ្តីក្រោមឱវាទ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹក នាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី តាន់ ប៊ុនធន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា នៃអធិការដ្ឋាននគរបាលស្រុកពួក ចំពោះការបាត់បង់នូវគេហដ្ឋានដោយសារអគ្គិភ័យឆាបឆេះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបាននាំយកថវិកា របស់ថ្នាក់ដឹកនាំ និងថរិការបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សរុបចំនួន ៨,៤៨០,០០០រៀល និងថវិការដែលបានមកពីការចូលរួមរបស់មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកពួក សរុបចំនួន ៣,៥០០,០០០រៀល រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនជាអំណោយក្នុងការចែករំលែកសម្រាលបន្ទុកគ្រួសារ លោកវរសេនីយ៍ត្រី តាន់ ប៊ុនធន់ ផងដែរ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២៣៖៣០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះមួយខ្នង ដែលស្ថិតនៅភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ករណីអគ្គិភ័យនេះបានបណ្តាល ឲ្យខូចខាត ផ្ទះដែលសាងសង់ពីឈើលើបន្ទប់ថ្មក្រោម ដំបូលប្រក់ក្បឿង និងសំយាបសង្ក័សី ដែលមានទំហំ ៩ម៉ែត្រx១២ម៉ែត្រ ត្រូវបានអគិ្គភ័យឆាបឆេះខូចខាតទាំងស្រុង៕