(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ការអប់រំ គឺជាកូនសោរមួយដ៏សំខាន់ សម្រាប់ការត្រៀមលក្ខណៈរបស់កម្ពុជា ចូលប្រឡូកក្នុងសមរភូមិសេដ្ឋកិច្ច ដែលពោរពេញដោយការរត់ប្រណាំងបច្ចេកវិទ្យា និងនវានុវត្តន៍ខ្ពស់ និងភាពច្នៃប្រឌិត។
លោកជំទាវបណ្ឌិត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឆ្នាំសិក្សា ២០២៤-២០២៥ ជាង ២ ០០០អង្គ/នាក់។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការបង្កើននូវភាពប្រកួតប្រជែងរបស់ប្រទេសយើង ទាំងនៅក្នុងតំបន់ និងសកលលោក កម្ពុជាក៏ត្រូវការការកសាងធនធានមនុស្សប្រកបដោយគុណភាព ជំនាញ ស្វាហាប់ និងផលិតភាពខ្ពស់ ឈានឆ្ពោះទៅរកការកសាងសង្គមដ៏រឹងមាំ មានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់ឆ្លើយតបទៅនឹងសេចក្តីត្រូវការទៅតាមវិស័យនានា ចាប់យកឱកាសការងារថ្មីៗ ស្របទៅតាមនិន្នាការសកល និងបង្កើន ឲ្យតម្លៃបន្ថែមឲ្យបានជាអតិបរិមា។ ក្នុងន័យនេះ ការអប់រំ គឺជាកូនសោរមួយដ៏សំខាន់ សម្រាប់ការត្រៀមលក្ខណៈរបស់កម្ពុជា ចូលប្រឡូកក្នុងសមរភូមិសេដ្ឋកិច្ច ដែលពោរពេញដោយការរត់ប្រណាំងបច្ចេកវិទ្យា និងនវានុវត្តន៍ខ្ពស់ និងភាពច្នៃប្រឌិត»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានថ្លែងថា ព្រះសមណនិស្សិត និងក្មួយៗសិស្សជយលាភីទាំងអស់ បាននិងកំពុងវិនិយោគដ៏ត្រឹមត្រូវបំផុតសម្រាប់រយៈពេលវែង ក្នុងការសន្សំបាននូវជំនាញទន់ និងទ្រព្យធនមិនងាយនឹងបាត់បង់ ដូចសុភាសិតខ្មែរ បានពោលថា ដាំដុះនៅសាលា រីឯផ្លែផ្កានៅសង្គម។ ចំណេះជំនាញទាំងនេះ នឹងត្រូវរួមចំណែកនៅក្នុងទីផ្សារការងារ ទាំងក្នុងប្រទេស និងសកលលោក បង្កើតឱកាសឲ្យប្អូនៗ ក្មួយៗ ក្នុងការចាប់យកអាជីព ដែលសក្តិសម ឬក៏អាចមានសំណាងក្លាយជាសហគ្រិនដ៏ល្បីមួយរូប ឬក៏ជាអ្នកបន្តវេនសម្រាប់ការងារាជការ ទៅថ្ងៃអនាគតក៏ថាបាន។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងដែរថា លទ្ធផលដ៏ល្អប្រសើរនេះ គឺអាចកើតមានឡើងបាន អាស្រ័យដោយការចូលរួម ពីភាគីពាក់ព័ន្ធទាំងអស់គឺ៖
* ទី១៖ រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបន្តថែរក្សាបាននូវសន្តិភាព និងស្ថិរភាពសង្គម, ការខិតខំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើនគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេស ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ទទួលបានការអប់រំប្រកបដោយគុណភាព សមភាព និងជំនាញ ត្រូវតាមតម្រូវការសកល និងការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បង្រៀនពីលោកគ្រូ អ្នកគ្រូ ព្រមទាំងសាស្ត្រាចារ្យទាំងអស់។
* ទី២៖ ការជ្រោមជ្រែងពីឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប ទាំងទឹកចិត្ត និងថវិកា ដល់សិស្ស-និស្សិត
* ទី៣៖ ការសហការពីដៃគូពាក់ព័ន្ធទាំងអស់ ដែលមិនអាចខ្វះបាន សម្រាប់គាំទ្រវិស័យអប់រំនៅកម្ពុជា
* ទី៤៖ ការប្រឹងប្រែងរបស់និស្សិតជយលាភី ព្រោះបើគ្មានការខិតខំរបស់ខ្លួនឯងទេ ក៏មិនអាចរីកចម្រើនទៅមុខបានដែរ៕