(ភ្នំពេញ)៖ ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (K-water) បានស្វះស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ បំណងស្វែងរកឱកាសវិនិយោគនេះ ត្រូវបានបង្ហាញដោយលោកបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់កូរ៉េខាងត្បូង និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ក្នុងជំនួបនេះ លោកបណ្ឌិត Yun Seogdae បានជម្រាបសម្ដេចមហាបវរធិបតី អំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលបំណងរបស់ក្រុមហ៊ុននៅក្នុងការស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្ដោតទៅលើការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយអំពីភាពខ្លាំង ក៏ដូចជាផលប៉ះពាល់នៃគម្រោងនេះលើសង្គម-សេដ្ឋកិច្ច និងបរិស្ថាន។
សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់អំពីគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យមានប្រព័ន្ធគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យមានធនធានទឹកគ្រប់គ្រាន់ទាំងនៅរដូវវស្សា និងនៅរដូវប្រាំង សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ, ក៏ដូចជាការរៀបចំចេញជាប្រព័ន្ធអេកូឡូស៊ីបម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងគ្រប់គ្រងហានិភ័យនៃគ្រោះទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួតនៅរដូវប្រាំង។
សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសាជីវកម្ម បន្តធ្វើការ និងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា៕