(ព្រៃវែង)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយ​ម្ចាស់ដេប៉ូជី និងថ្នាំកសិកម្មចំនួន​៣០០នាក់ និងមន្រ្តីកសិកម្មឃុំចំនួន១៩នាក់ នៅខេត្តព្រៃវែង​ និងស្វាយរៀង​ ដោយមានការចូលរួមពីអភិបាលរងខេត្ត និងមន្ទីរកសិកម្មខេត្តទាំងពីរ។

កិច្ចសំណេះសំណាលនេះមានគោលបំណងពង្រឹងការគ្រប់គ្រងជី​ និងថ្នាំកសិកម្ម​ឱ្យកាន់តែមាន​ប្រសិទ្ធភាព​ ដូចជា​ ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល​ ការទុកដាក់ ​និងការប្រើប្រាស់​ប្រកប​ដោយ​សុវត្ថិភាព ការហាមឃាត់ចរាចរណ៍ផលិតផលគ្មានបញ្ជិកា​​ និងជាពិសេស​ការជួយណែនាំដល់កសិករឱ្យប្រើប្រាស់​ឱ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយថ្លៃដើមផលិត​។

ជាមួយគ្នានេះ​ លោកបានផ្សព្វផ្សាយជូនអាជីវករអំពីគោលនយោបាយជំរុញអភិវឌ្ឍ​វិស័យកសិកម្ម​ និងកិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល​ ក្រសួង​កសិកម្ម រដ្ឋបាលខេត្ត​ និងមន្ទីរកសិកម្ម​ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនកសិករ​ និងការអនុវត្តយ៉ាងសកម្មនូវកម្មវិធីគោល​នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ជាងនេះទៀត​ អាជីវករក៏បានស្វែងយល់ផងដែរអំពីផលវិបាកនៃការ​ផ្សាយព័ត៌មានបំប៉ោងសភាពការណ៍​ដែលនាំឱ្យខាតបង់ផលប្រយោជន៍កសិករ​ និងបានបង្ហាញពីក្តីរីករាយក្នុងការងាកមកជួយផ្សព្វផ្សាយព័ត៌មានពិត​ និងវិជ្ជមានអំពីវិស័យកសិកម្ម​វិញ​ ដើម្បីជួយដល់ប្រជាកសិករ​ និងគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម៕