(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លោក ខាំ សុផារី រួមទាំងនាយករដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក សន សុភ័ណ្ឌ បានដឹកនាំកម្លាំងនគរបាលមូលដ្ឋាន និងអាវុធហត្ថខណ្ឌឫស្សីកែវ ដើម្បីចុះអនុវត្តន៍ដីការ សម្រេចរឹបអូសគ្រឿងចក្រ និងរថយន្ដតូចធំ ប្រមាណជាង២០គ្រឿង ជាបណ្ដោះអាសន្នទៅលើយានដ្ឋានមួយកន្លែងរបស់ ក្រុមហ៊ុន «ឧត្តម សុខហេង អភិវឌ្ឍ» ដែលបានជំពាក់ប្រាក់ម្ចាស់បំណុលជាង១លានដុល្លា មានទីតាំងនៅឃ្លាំងលេខ១១១ តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រត្តបត្តិការរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី អនុវត្តន៍តាមដីកាសម្រេចរឹបអូស ជាបណ្ដោះអាសន្នលេខ ៦១៦ ហ.ដ.រ ចុះថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៦ ចំណុច «ឃ» របស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ ដោយមានដើមបណ្តឹងជាម្ចាស់បំណុលឈ្មោះ លីវ សុខហួង ហៅ ចែមុំ អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ០៨ ភូមិបឹងឈូក ស្ថិតក្នុងបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានប្តឹងកូនបំណុល២នាក់ ឈ្មោះ សុខ ហេង អាយុ៥០ឆ្នាំជាប្តី និងប្រពន្ធឈ្មោះ គាំ ផានរ៉ានីត អាយុ៣៤ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន ឧត្តម សុខហេង អភិវឌ្ឍ ស្នាក់នៅផ្ទះ លេខ៧៨ ឌុបល្វេអឺ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមការអះអាងរបស់ មេធាវីការពារសិទ្ធិ ឱ្យម្ចាស់បំណុល ក្នុងការអនុវត្តន៍ដីការសម្រេចរឹបអូសទ្រព្យសម្បត្តិ ជាបណ្ដោះអាសន្ននេះ បញ្ជាក់ថា ព្រោះតែកូនបំណុលទាំង២នាក់ខាងលើ បានជំពាក់ប្រាក់ម្ចាស់បំណុលសរុប ១,៣៧៣,០២៧.៨០ដុល្លារ ព្រមទាំងព្យាយាម ដឹកគ្រឿងចក្រ និងរថយន្តចេញពីឃ្លាំងទាំងយប់ ទើបកូនក្តីសម្រេចស្នើសុំទៅតំណាងអយ្យការ ឱ្យដឹកនាំកម្លាំងចុះមកហាមឃាត់ និងរឹបអូស ជាបណ្តោះអាសន្នសិន ដើម្បីរងចាំការអនុវត្តន៍តាមនិតិវិធី។
សូមបញ្ជាក់ថា ការចេញដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្ន នូវទ្រព្យសម្បត្តិផ្សេងៗ ជាគ្រឿងចក្រ និងរថយន្ដជាង២០គ្រឿងនេះ គឺដើម្បីឱ្យកូនបំណុលឈ្មោះសុខ ហេង និង ឈ្មោះ គាំ ផានរ៉ានីត ដាក់ប្រាក់រំដោះបំណុល ដែលខ្លួនជំពាក់ម្ចាស់បំណុលដើម្បីទទួលបាន ការលុបចោលដីកា រឹបអូសបណ្តោះអាសន្ន និងទទួលបានទ្រព្យទាំងអស់នេះ ត្រឡប់មកវិញផងដែរ។
សូមជំរាបថា យោងតាមដីកាបង្គាប់ឲ្យរឹបអូសជាបណ្តោះអាសន្នខាងលើ បានឲ្យដឹងថា ទ្រព្យសម្បត្តិដែលត្រូវរឹបអូសពីកូនបំណុលរួមមាន៖
ទី១-ដីទំហំ ១៦៥.១៤៨ ម៉ែត្រការ៉េ
ទី២-ដី និងផ្ទះលេខ៧៨ ផ្លូវប៉េតុងលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ
ទី៣-រថយន្តម៉ាកឡិចស៊ីស៤៥០ ដែលជាកម្មសិទ្ធិរបស់កូនបំណុល
ទី៤-គ្រឿងចក្រ និងរថយន្ត របស់កូនបំណុល ដែលមាននៅក្នុងឃ្លាំងលេខ១១១ ដែលជាទីតាំងចុះអនុវត្តដីការឹបអូសនៅព្រឹកនេះ៕