(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៦នេះ បានសម្រេចច្រានចោល ដោយពុំពិចារណា លើសំណើរបស់ គណបក្សសង្រ្គោះជាតិ ដែលបានស្នើធ្វើវិសោធនម្មច្បាប់ចំនួន៣នោះឡើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។
ច្បាប់ចំនួន៣ ដែលបក្សប្រឆាំងចង់ឱ្យធ្វើវិសោធនកម្មនោះ រួមមាន៖ ១.សំណើស្នើច្បាប់ស្ដីពីវិសោធនកម្មមាត្រាចំនួន១៥នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ២.សេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្ម មាត្រាចំនួន៤០ នៃច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា និងទី៣.សេចក្ដីស្នើច្បាប់ស្ដីពីការវិសោធនកម្មមាត្រា៣០នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា សមាជិកសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចលើកចោលពុំពិចារណា លើសំណើរបស់សមាជិកសមាជិកា របស់គណបក្សសង្រ្គោះជាតិ ដែលបានស្នើធ្វើវិសោធនកម្មច្បាប់ចំនួន៣ ដោយមើលឃើញថា ការដាក់ស្នើនេះ ខុសនីតិវិធី និងមានភាពមិនប្រក្រតីមួយចំនួន ដែលមិនអាចទទួយកបាន។
អ្នកនាំពាក្យរដ្ឋសភាដដែល បានឲ្យដឹងថា សេចក្តីស្នើច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺមិនបានដាក់ជូនឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសុំយោបល់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនោះទេ។ ទង្វើនេះ គឺជាការធ្វើខុសនឹងនីតិវិធីដ៏ធ្ងន់ធ្ងរ។ ក្រៅពីនោះ គ៏មានតែការខុសអក្ខរាវីរុទ្ធ ដែលមិនមានជាបញ្ហាចោទធំដុំឡើយ។
លោក ឡេង ប៉េងឡុង បន្តថា មូលហេតុមួយទៀត គឺគណបក្សសង្រ្គោះជាតិ បានសើរើច្រើនលើច្បាប់ទាំងអស់នោះរហូតទោដល់៧០ភាគរយ ដូចនេះ ការសើរើច្បាប់នេះ គឺមានទំហំធំណាស់ ទើបមិន អាចសម្រេចឲ្យមានការធ្វើវិសោធនកម្មបានឡើយ។
គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេច ហេង សំរិន ពិភាក្សាលើ របៀបវារៈចំនួន ៥ចំណុចដែលបានកំណត់។ក្រៅពីនោះ សង្កេតឃើញថា មានការចូលរួមពី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ពីគណបក្សសង្គ្រោះជាតិ រួមមានលោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ លោក ហូ វ៉ាន់ លោក ប៉ុល ហំម និងអ្នកស្រី កែ សុវណ្ណារ័ត្នជាដើម៕