(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែកុម្ភៈ បានច្រានចោលការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ហើយក៏មិនបានសន្យាអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិក NATO នោះដែរ។ បើតាមលោក ត្រាំ អឺរ៉ុបត្រូវតែទទួលខុសត្រូវធានាសន្តិសុខឱ្យអ៊ុយក្រែនជំនួសសហរដ្ឋអាមេរិក។ ប៉ុន្តែ ក្នុងថ្ងៃដដែល លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅតែទទូចទាមទារការធានាសន្តិសុខពីសហរដ្ឋអាមេរិក។ «ការធានាសន្តិភាព និងសន្តិសុខ គឺជារឿងសំខាន់បំផុត ដើម្បីបង្ការកុំឱ្យរុស្ស៉ីបំផ្លាញអាយុជីវិតប្រជាជននៃប្រទេសដទៃ»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី ក្នុងសុន្ទរកថាជាវីដេអូមួយ មុនធ្វើដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងរ៉ែកម្រ ជាមួយលោក ត្រាំ។

តាមក្រុមអ្នកវិភាគមួយចំនួន រួមទាំងក្រុមមន្ត្រីអ៊ុយក្រែន សន្តិភាពនៅអ៊ុយក្រែននឹងមិនអាចកើតមាននោះទេ បើគ្មានការធានាសន្តិសុខ ហើយលោក ហ្សេលេនស្គីផ្ទាល់ក៏បានអះអាងដែរថា ការធានាសន្តិសុខនោះទៀតសោត នឹងមិនមានន័យអ្វីទាំងអស់បើគ្មានសហរដ្ឋអាមេរិក។ ដូច្នេះខណៈពេលនេះ លោក ត្រាំ ច្រានចោលការសន្យាធានាសន្តិសុខសម្រាប់អ៊ុយក្រែន តើការធានាសន្តិសុខបែបណា ល្អប្រសើរបំផុតសម្រាប់អ៊ុយក្រែន? កន្លងមក ភាគីជាច្រើនដែលមានជាប់ពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន បានលើកឡើងនូវលក្ខខណ្ឌចំនួន៤ផ្សេងៗគ្នា ក្រោមហេតុផលរៀងៗខ្លួន។ លក្ខខណ្ឌទី១៖ គឺ «សមាជិកភាព NATO» សម្រាប់អ៊ុយក្រែន ដែលផ្ដល់ឱ្យទីក្រុងកៀវ នូវការធានាសន្តិសុខក្រោមមាត្រា ៥។ ជាការពិតណាស់ ទោះជាពាក្យពេចន៍នៅក្នុងមាត្រា ៥ មានភាពមិនច្បាស់លាស់ក៏ពិតមែន តែជាទូទៅមាត្រានេះត្រូវបានសហរដ្ឋអាមេរិក និងប្រទេសជាសមាជិក NATO ផ្សេងទៀត យកទៅបកស្រាយថាជាការប្ដេជ្ញាចិត្តយ៉ាងរឹងមាំ ដើម្បីធ្វើអន្តរាគមន៍ដោយផ្ទាល់ជួយសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងករណីមានការវាយប្រហារណាមួយពីសត្រូវ។ ជាមួយការធានាសន្តិសុខបែបនេះ អ៊ុយក្រែនជឿជាក់ថារុស្ស៉ីនឹងកាន់តែ ញញើត ឬមិនហ៊ានបើកការវាយប្រហារសាជាថ្មីណាមួយទេ ដោយសារតែអាចបង្កទៅជាសង្រ្គាមដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ នៅទីនេះ សមាជិកភាព NATO សម្រាប់អ៊ុយក្រែនគឺមាន២ទម្រង់។ ទម្រង់ទី១៖ ដោយយក តាមគំរូអាល្លឺម៉ង់ខាងលិច អ៊ុយក្រែនចូលជាសមាជិក NATO ជាមួយការអនុវត្តមាត្រា៥ តែទៅលើទឹកដីសព្វថ្ងៃដែលខ្លួនកំពុងគ្រប់គ្រងតែប៉ុណ្ណោះ ហើយសន្យាថានឹងមិនប្រើកម្លាំងយោធាដើម្បីដណ្ដើមទឹកដីអ៊ុយក្រែនដែលរុស្ស៉ី កំពុងគ្រប់គ្រងមកវិញនោះទេ។ ទម្រង់ទី២៖ គឺយកគំរូតាមន័រវែស ដែលបានក្លាយជាសមាជិក NATO ជាថ្នូរនឹងការយល់ព្រមដាក់កំហិតលើខ្លួនឯងពាក់ព័ន្ធនឹងមូលដ្ឋានទ័ពបរទេស កងទ័ព នាវាចម្បាំង និងសព្វាវុធដែលអាច មានវត្តមាននៅលើទឹកដីរបស់ខ្លួន។ ឬអាចនិយាយម្យ៉ាងទៀតបានថាត្រូវបែងចែក​ឱ្យបានច្បាស់ រវាងអ៊ុយក្រែននៅក្នុង NATO និង NATO នៅលើទឹកដីអ៊ុយក្រែន។

លក្ខខណ្ឌទី២៖ ត្រូវបានក្រុមអ្នកជំនាញខ្លះហៅថា «គំរូអ៉ីស្រាអែល» ដោយតម្រូវឱ្យសហរដ្ឋអាមេរិកផ្ដល់ឱ្យបានគ្រប់គ្រាន់នូវជំនួយយោធា និងព័ត៌មានសម្ងាត់ ដើម្បីអាចឱ្យអ៊ុយក្រែនកំញើញ ឬក៏ក្នុងករណីចាំបាច់ គឺអាចផ្ដួល កងទ័ពរុស្ស៉ី ដោយមិនចាំបាច់មានអន្តរាគមន៍ជួយពីប្រទេសដទៃ។ យកតាមគំរូអ៉ីស្រាអែល ការគាំទ្ររបស់សហរដ្ឋអាមេរិកត្រូវផ្អែកលើអនុស្សារណយោគយល់ជាច្រើនដែលមានគោលដៅផ្ដល់ឱ្យអ៊ុយក្រែននូវអាវុធទំនើបៗ ឬមានបច្ចេកវិទ្យាខ្ពស់ជាងបណ្ដាប្រទេសជាប់របងផ្ទះរបស់អ៊ុយក្រែន។ ប៉ុន្តែ​ ករណីនេះមិនអាចអនុវត្តលើអ៊ុយក្រែនបានទេ។ តែយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកអាចមានជម្រើសរើសផ្សេង នោះគឺជួយពង្រឹងសមត្ថភាពយោធា អ៊ុយក្រែន ដូចនៅក្រោមកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីអាមេរិក និងអ៊ុយក្រែនឆ្នាំ២០២៤។ មានន័យថាការពង្រឹងសមត្ថភាពយោធាអ៊ុយក្រែន មិនមែនត្រឹមតែជា «យុទ្ធសាស្ត្រកាំប្រម៉ា» ដែលផ្ដោតតែទៅលើការការពារខ្លួនឯង ប៉ុណ្ណោះទេ។ អ៊ុយក្រែនក៏ត្រូវមានផងដែរសមត្ថភាពវាយលុក ជាមួយការផ្គត់ផ្គង់អាវុធ ឬមីស៊ីលរយៈចម្ងាយឆ្ងាយដូចជា ATACMS និង JASSM ដែលអាចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ប្រសិនបើរុស្ស៉ីបើកការឈ្លានពាន ជាថ្មី។ បន្ថែមពីលើនេះ ជាការអនុវត្តជាក់សែ្ដង គំរូអ៉ីស្រាអែលនឹងតម្រូវឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជួយអ៊ុយក្រែនកសាងកងទ័ពដ៏ខ្លាំងមួយ ដោយបំពាក់ជាមួយយន្ដហោះចម្បាំង F-16 ក្នុងចំនួនដ៏ច្រើន ស្ដុកគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ រួមទាំងមីស៊ីលរយៈចម្ងាយមធ្យមដូចជា GMLR ការបណ្ដុះបណ្ដាលកងទ័ពឱ្យមានសមត្ថភាពធ្វើប្រតិបត្តិការអាវុធរួមគ្នា ពង្រឹងខ្សែការពារ មីស៊ីលរយៈចម្ងាយឆ្ងាយ ភាពធន់ និងមានឧស្សាហកម្មផលិតអាវុធ ទំនើបៗឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

លក្ខខណ្ឌទី៣៖ នោះគឺឱ្យអឺរ៉ុបជាអ្នកធានាសន្តិសុខឱ្យអ៊ុយក្រែនជំនួសសហរដ្ឋអាមេរិក ដូចដែលលោក ត្រាំ បានលើកឡើង។ កាលពីពេលថ្មីៗនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ គឺលោក Mike Waltz បានប្រាប់ទូរទស្សន៍ NBC ថាបញ្ហាធានាសន្តិសុខជាទំនួលខុសត្រូវរបស់អឺរ៉ុប ហើយការលើកឡើងបែបនេះបានបង្កឱ្យមានការចោទសួរថាតើបណ្ដាប្រទេសអឺរ៉ុបអាចបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ក្រោយសង្រ្គាមបិទបញ្ចប់ ឬក៏យ៉ាងណា? ក្នុងករណីនេះ ក្រុមអ្នកជំនាញយល់ថាមានលទ្ធភាពដែលរុស្ស៉ីអាចនឹងបើកការឈ្លានពានសាជាថ្មី។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់ច្បាស់ៗរួចហើយថាប្រសិនបើកងទ័ពអឺរ៉ុបធ្វើដំណើរទៅកាន់អ៊ុយក្រែន នោះគឺពួកគេ នឹងត្រូវធ្វើដំណើរទៅ ដោយគ្មានការធានាសន្តិសុខណាមួយពីសហរដ្ឋអាមេរិកឡើយ។ សម្ដីរបស់ប្រមុខការពារជាតិអាមេរិកបានធ្វើឱ្យប្រទេសអឺរ៉ុបមួយចំនួន ព្រួយបារម្ភថាវត្តមានកងទ័ពអឺរ៉ុបនៅអ៊ុយក្រែន អាចនឹងទុកឱកាសឱ្យលោក ពូទីនបំបែកបំបាក់សហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងករណីដែលលោក ពូទីន កំណត់គោលដៅលើកងទ័ពអឺរ៉ុប ហើយវាក៏អាចនឹងបង្កផងដែរទៅជាសង្រ្គាមជាមួយបណ្ដាប្រទេសអឺរ៉ុប ដែលជាសមាជិក NATO ដោយគ្មានការគាំទ្រពី សហរដ្ឋអាមេរិក។

ចំណែក លក្ខខណ្ឌទី៤៖ គឺអព្យាក្រឹតភាពរបស់អ៊ុយក្រែន ជាសំណើមួយដែលរុស្ស៉ីទំនងជានឹងលើកយកធ្វើជាប្រធានបទមួយនៅឯតុចរចា ដោយផ្អែកលើកិច្ចពិភាក្សាក្នុងទីក្រុង Istanbul កាលពីឆ្នាំ២០២២។ សំណួរសំខាន់នៅទីនេះ គឺថាតើនឹងមានអ្វីកើតឡើង ប្រសិនបើអព្យាក្រឹតភាពរបស់អ៊ុយក្រែនត្រូវបានរំលោភបំពាន។ នៅឯកិច្ចចរចាក្នុងទីក្រុង Istanbul ទីក្រុងមូស្គូបានស្នើឡើងថាអ៊ុយក្រែនមិនអាចចូលរួមក្នុងបក្សសម្ព័ន្ធណាមួយទេ ហើយចំនួនកងទ័ព របស់ខ្លួនត្រូវមានការដាក់កំហិត រីឯសន្តិសុខនឹងត្រូវបានធានាដោយប្រទេសមួយក្រុមដែលបានប្ដេជ្ញាចិត្តជួយអ៊ុយក្រែនក្នុងករណីមានការវាយប្រហារ។ ប៉ុន្តែសំណើបែបនេះ វាប្រៀបបានទៅនឹងការផ្ដល់សិទ្ធិវេតូឱ្យរុស្ស៉ីដូច្នោះដែរ ឬអាចនិយាយម្យ៉ាងទៀតបានគ្មានយន្ដការអនុវត្តនោះទេ។ លើសពីនេះ យុទ្ធសាស្ត្រអព្យាក្រឹតក៏មិនសូវជាមានប្រសិទ្ធភាពដែរ។ ជាឧទាហរណ៍៖ ករណីហ្វាំងឡង់ដែលក្រោយសង្រ្គម លោកលើកទី២ អតីតសហភាពសូវៀត នៅតែ មានលទ្ធភាពជ្រៀតជ្រែកចូលទាំងគោលនយោបាយការបរទេស និងនៅក្នុងស្រុក ហើយអាចរក្សាឥទ្ធិពលរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍។ សម្រាប់ករណីបែលហ្សិកវិញ ដែលធ្លាប់ត្រូវបានគេសន្មត់ថាជាតំបន់ទ្រនាប់ អព្យាក្រឹតមួយដោយមិនមានជំនួយពីមហាអំណាចដទៃ ត្រូវបានឈ្លានពានទាំងនៅក្នុងសង្រ្គាមលោកលើកទី១ និងលោកលើកទី២។

លោក ហ្សេលេនស្គី បានបញ្ជាក់ម្ដងហើយម្ដងទៀតថា «ការធានាសន្តិសុខដែលមិនមានសហរដ្ឋអាមេរិក គឺវាមិនមែនជាការធានាសន្តិសុខពិតប្រាកដនោះទេ»៕