(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចឃ្លាំងផលិត និងស្តុបសម្ភារពូក ស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបណ្តាលឲ្យឆេះម៉ូតូចំនួន ៥គ្រឿង និងសម្ភារនៅក្នុងឃ្លាំងទាំងស្រុង។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿង និងប្រើទឹកអស់៤០ឡាន។ សម្រាប់មូលហេតុវិញ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ឃ្លាំងគឺលោកស្រី សុខ ហេង ដែលស្គាល់នៅតាមបណ្តាញសង្គមថា «ចែ សុខ ហេង លក់ពូក»។ ក្រៅពីឆេះឃ្លាំងទំហំ ៤៥ម៉ែត្រ X ៥៥ម៉ែត្រចំនួន១ និងម៉ូតូ៥គ្រឿង អគ្គិភ័យក៏បានឆេះរាលដល់ផ្ទះថ្មចំនួន១ខ្នងផងដែរ ដែលឆេះអស់ប្រមាណ១០ភាគរយ។
សម្រាប់ហេតុការណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់ស្លាប់ និងរងរបួសនោះទេ។ នៅក្នុងហេតុការណ៍នេះ គេសង្កេតឃើញលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដើម្បីបាញ់ពន្លត់ផងដែរ រហូតគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោងជាង៨យប់ថ្ងៃនេះ៕