(ហាណូយ, វៀតណាម)៖ វៀតណាម បានអនុញ្ញាតកម្ពុជា នាំចូលអង្ករទៅក្នុងប្រទេសខ្លួនចំនួន ៣០០ពាន់តោន និងសន្លឹកថ្នាំជក់ស្ងួត ចំនួន ៣ពាន់តោន សម្រាប់ឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ ដោយមិនគិតពន្ធនោះឡើយ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក ត្រាន ទួនអាញ (Tran Tuan Anh) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានចុះហត្ថលេខាលើកិច្ចសម្របសម្រួល ជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មនាព្រឹកមិញនេះ កម្ពុជាបានយល់ព្រមផ្តល់ភាពអនុគ្រោះពន្ធ ០% នូវមុខទំនិញចំនួន ២៩បន្ទាត់ពន្ធដល់ ភាគីវៀតណាម ហើយភាគីវៀតណាម យល់ព្រមផ្តល់ភាពអនុគ្រោះពន្ធ ០% នូវមុខទំនិញចំនួន ៣៩បន្ទាត់ពន្ធ ដល់ភាគីកម្ពុជាវិញ។ ក្នុងនោះរួមបញ្ចូលទាំងមុខទំនិញអង្ករចំនួន ៣០០ពាន់តោន រៀងរាល់ឆ្នាំ និងសន្លឹកថ្នាំជក់ស្ងួតចំនួន ៣ពាន់តោនសម្រាប់ឆ្នាំ ២០១៦-២០១៧៕