(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលជំពាក់ធនាគារ និងការធ្វើឱ្យចរន្តសេដ្ឋកិច្ចមានដំណើរការទៅមុខ គឺជាបញ្ហាធំដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់។

ការលើកឡើងរបស់ លោករដ្ឋមន្រ្តីប្រតិភូ បានធ្វើឡើងវេទិកាសារព័ត៌មានលើកទី៦ ស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» ដែលផ្សព្វផ្សាយនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

បើតាម​អ្នកនាំពាក្យរាជរដ្ឋាភិបាល, នៅមុនកូវីដ១៩​ សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានស្ថានភាពល្អ ការទិញដូរអចលនទ្រព្យ កើនឡើងជាហូរហែរ ដែលការទិញដូរជាច្រើន បានធ្វើឡើងតាមរយៈការបង់រំលោះ និងការខ្ចីប្រាក់ធនាគារជាដើម។ ប៉ុន្តែនៅពេលកូវីដ១៩ បានចូលមកដល់ អ្វីៗបានជាប់គាំង ប្រាក់ចំណូលប្រជាពលរដ្ឋថយចុះ ដែលធ្វើឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋមានបញ្ហា និងលំបាកក្នុងការសងបំណុល។

លោក ប៉ែន បូណា បានគូសបញ្ជាក់បន្ថែមថា ដើម្បីធ្វើឱ្យចរន្តសេដ្ឋកិច្ចមានភាពល្អរលូន រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានយកចិត្តទុកដាក់លើបញ្ហានេះ និងបានស្នើឱ្យធនាគារជាតិនៃកម្ពុជាជួយសម្រួលចំពោះអត្រាការប្រាក់ នៅបណ្ដាមីក្រូហិរញ្ញវត្ថុ ធនាគារ ជូនដល់បងប្អូនប្រជាពលរដ្ឋ។

លោកបញ្ជាក់បន្ថែមទៀតថា «មានន័យយ៉ាងម៉េច? មានន័យថា ជួយសម្រាលបន្ទុកប្រជាពលរដ្ឋផង ហើយធ្វើឱ្យសេដ្ឋកិច្ចដើរ ពីព្រោះទាល់តែប្រជាពលរដ្ឋមានលុយចាយ ទើបចរន្តសេដ្ឋកិច្ចដើរ អីចឹងហើយបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់លើ បញ្ហានេះខ្លាំងណាស់ ប៉ុន្តែយើងអត់សូវដឹងទេ ស្ងាត់ស្ងៀមប៉ុន្តែជាបញ្ហាធំដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់»

លោកបន្តថា រដ្ឋាភិបាលអាណត្តិថ្មី បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ទាំងម្ចាស់បុរី ទាំងធនាគារ ព្រោះបើធនាគារដួលរលំ នោះបញ្ហាជាច្រើននឹងចូលមកដល់៕