(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលដែលមានសុខភាពល្អ មានថាមពលខ្លាំងក្លា ហើយជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងបែបនេះ ក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៦ ស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» នៅទីស្ដីការគណៈរដ្ឋមន្រ្តី ដែលផ្សព្វផ្សាយនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ប៉ែន បូណា បានបញ្ជាក់ថា «យើងអាចនិយាយបានថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី គឺជារាជរដ្ឋាភិបាល ដែលមានសុខភាពល្អ មានថាមពលខ្លាំងក្លា និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ»។
លោកបានបង្ហាញពីសមិទ្ធផលធំៗមួយចំនួន ដែលសម្រេចបានដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះមានដូចជា៖
* ទី១៖ ប្រជាពលរដ្ឋបានទទួលផលប្រយោជន៍យ៉ាងធំធេង ពីនយោបាយសុខាភិបាលរបស់រាជរដ្ឋាភិបាល ដោយក្នុងនោះ រាជរដ្ឋាភិបាល បានផ្តល់បណ្ណសមធម៌ដល់ប្រជាពលរដ្ឋ ក្នុងការព្យាបាលជំងឺដោយឥតគិតថ្លៃ និងការធ្វើកំណែទម្រង់សុខាភិបាល។
* ទី២៖ ប្រជាពលរដ្ឋទទួលផលពីនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីបំបាត់បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង ចោរកម្ម ធ្វើម៉េចឲ្យភូមិ-ឃុំ ពលរដ្ឋរស់នៅមានសុវត្ថិភាព និងភាពសុខសាន្ត។
* ទី៣៖ ប្រជាពលរដ្ឋទទួលផលពីការបង្ក្រាបការទន្ទ្រានដីខុសច្បាប់ និងបទល្មើសនេសាទ ដើម្បីការពារធនធានធម្មជាតិ និងធនធានជលផលឲ្យបានគង់វង្ស សម្រាប់កូនខ្មែរតជំនាន់ទៅមុខទៀត។
* ទី៤៖ ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍អំពីកិច្ចអន្តរាគមន៍ផ្នែកហរិញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលឲ្យរៀបចំឥណទានឡើងវិញ។
* ទី៥៖ ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះ ទី១. ដើម្បីផ្តល់ដីកម្មសិទ្ធិដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទី២. ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យក្នុងការទន្ទ្រានដីរដ្ឋ និងទី៣ ដើម្បីការពារព្រៃឈើ បរិស្ថាន និងអភិវឌ្ឍសហគមន៍៕