(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះសេដ្ឋកិច្ចពិភពលោកពុំទាន់ចេញរួចនៅឡើយទេពីវិបត្តិ។ ចំណែកស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចសកល គឺមិនទាន់អាក្រក់នោះទេ ផ្ទុយទៅវិញវាបែរជាមានសន្ទុះខ្លាំង និងកម្ពស់ខ្ពស់ទៅវិញ។

ការលើកឡើងរបស់ លោក តាន់ ហ្សង់ហ្រ្វង់ស័រ ធ្វើឡើងក្នុងវេទិកាសារព័ត៌មានលើកទី៦ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងថា «សេដ្ឋកិច្ចពិភពលោកជាទូទៅ មិនទាន់ចេញរួមពីវិបត្តិនោះទេ ក្នុងន័យថា ឆ្នាំ២០២៤ ទើបកន្លងផុតទៅនេះ សេដ្ឋកិច្ចសកលកើនឡើង ក្នុងអត្រាប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ ដែលមានប្រមាណ៣.២ភាគរយប៉ុណ្ណោះជាមធ្យម ក្នុងនោះសេដ្ឋកិច្ចនៃបណ្ដាប្រទេសអភិវឌ្ឍ​ន៍ កើនឡើងបានត្រឹមតែ១.៧ភាគរយ, សេដ្ឋកិច្ចក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ កើនបានត្រឹមតែ៤.២ភាគរយប៉ុណ្ណោះ រីឯសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានវិញ កើនឡើងបានប្រមាណ៤.៦ភាគរយ»

លោកបានបន្ដថា ការដែលសេដ្ឋកិច្ចសកលបន្ដស្ថិតក្នុងវិបត្តិរាំរៃបែបនេះតទៅទៀត ក៏ព្រោះថា ក្នុងពិភពលោកបន្ដមានភាពតានតឹងភូមិសាស្រ្ដនយោបាយ នៅពុំទាន់ធូរស្រាលនៅឡើយទេ សង្គ្រាមធំៗនៅបន្ដដដែល ខណៈដែលសង្គ្រាមពាណិជ្ជកម្ម បង្ករឡើយដោយរដ្ឋបាលថ្មីរបស់អាមេរិក ចាប់ផ្ដើមលេចធ្លោឡើងមក។

លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានឲ្យដឹងទៀតថា «ក្នុងឆ្នាំ២០២៤ទើបនឹងកន្លងផុតទៅ សេដ្ឋកិច្ចកម្ពុជាកើនបាន៦ភាគរយ បានន័យថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជា បាននិងកំពុងបន្ដវិលមករកស្ថានភាពដើម ស្ថានភាពមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ ពោលគឺមុនឆ្នាំ២០២០។ កាលណ្ណោះជាច្រើនឆ្នាំជាប់ៗគ្នាគិតជាមធ្យមភាគ កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានប្រហែល៧ភាគរយហើយតួលេខនេះ ធ្លាក់មកនៅក្រោម០%នៅឆ្នាំ២០២០ ដែលជាឆ្នាំទី១នៃការរីករាលដាលនៃជំងឺកូវីដ១៩ មុននឹងងើបឡើងវិញបណ្ដើរៗគឺប្រមាណ៣.១ភាគរយក្នុងឆ្នាំ២០២១, ៥.១ភាគរយក្នុងឆ្នាំ២០២២, ៥ភាគរយក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤សេដ្ឋកិច្ចនៃកម្ពុជាបានកើន៦ភាគរយ»

លោកបានបញ្ជាក់ថា «ជារួមស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បើប្រៀបធៀបនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចសកល មិនអាក្រក់នោះទេ ប៉ុន្ដែផ្ទុយទៅវិញវាមានសន្ទុះខ្លាំង និងមាន​កម្ពស់ខ្ពស់។ ខ្ញុំលើកឡើងបែបនេះព្រោះថា ​តាងនាមរាជរដ្ឋាភិបាល តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខ្ញុំចង់លើកទឹកចិត្តឲ្យប្រជាជនខ្មែរមានសុទិដ្ឋិនិយម ដោយសារតែតួលេខដែលខ្ញុំលើកឡើងមុននេះ សុទ្ធតែចេញមកពីស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិដូចជា ធនាគារពិភពលោក និង IMF ហើយបើគ្មានសង្គ្រាមនៅតាមតំបន់ ឬកន្លែងផ្សេងៗលើពិភពលោកនោះទេ នោះក្នុងឆ្នាំ២០២៥នេះ​ សេដ្ឋកិច្ចកម្ពុជានឹងបន្ដមានសន្ទុះឡើងវិញ បន្ដកើនឡើងជាលំដាប់តទៅទៀត និងអាចកើនឡើងដល់ ៦.៣ភាគរយ នេះបើតាមការព្យាករណ៍»