(កំពង់ធំ)៖ ថ្លែងនាឱកាសចុះពិនិត្យមើលទីតាំង និងវាស់វវែងដើម្បីដាក់បង្គោល សូឡា នៅលើផ្លូវបេតុងស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ចូលរួមអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត។
នាឱកាសនោះលោក សាយ គឹមឡម ក៏បានណែនាំដល់អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជាមួយប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវនេះ ត្រូវជួយសហការដើម្បីសម្អាត និងថែរក្សាបរិស្ថានរក្សាចំណីផ្លូវ ព្រមទាំងប្រព័ន្ធលូរំដោះទឹកដើម្បីសោភ័ណភាព និងអនាម័យជាពិសេសថែរក្សាដីចំណីផ្លូវឲ្យបានធំទូលាយសម្រាប់ថ្មើរជើង និងជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ សប្បុរសជន នៅក្នុងមូលដ្ឋាន ដែលបានចូលរួមសហការឧបត្ថម្ភសូឡា សម្រាប់បំពាក់នៅលើផ្លូវនេះ ដើម្បីជាការបំភ្លឺផ្លូវ លើកសោភ័ណភាព និងលើកមុខមាត់ស្រុកស្ទោងទាំងអស់គ្នា។
សូមបញ្ជាក់ថា ផ្លូវបេតុងដែលត្រូវដាក់បំពាក់សូឡានៅពេលនេះមានប្រវែង ៣០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានថ្មស្ទឹងស្ទោង ព្រំប្រទល់ឃុំទ្រាផងដែរ៕