(ស្ទឹងត្រែង)៖ លោក ទូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចលនាប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅសាលប្រជុំធំសាលាខេត្ត។
ក្នុងកម្មវិធីនេះដែរក៏មានការចូលរួមពីលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត និងមានការចូលរួម ដោយគណៈអភិបាល ក្រុង /ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ មេឃុំ ចៅសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប ។
នាឱកាសនោះលោក សរ សុពុត្រា បានគូសបញ្ជាក់អំពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃ ប្រកបដោយភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ឈានឆ្ពោះប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង /ស្រុក ត្រូវមានការរៀបចំដាក់ចេញផែនការសម្រាប់ចាត់តាំងអនុវត្តការងារក្នុងក្របខណ្ឌគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងដាក់ចេញនូវកម្មវិធីកិច្ចប្រជុំត្រួតពិនិត្យការងារ និងលើកទិសដៅការងារជាប្រចាំ ដោយផ្អែកលើលក្ខណសម្បត្តិទាំងប្រាំពីរនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ត្រូវកំណត់សូចនាករលម្អិតតាមគោលដៅនៃលក្ខណសម្បត្តិនីមួយៗ ដើម្បីអនុវត្តឱ្យបានច្បាស់លាស់ និងជាប់ជាប្រចាំ ក្នុងការបង្កើនប្រសិទ្ធភាពការងារ ក្នុងមូលដ្ឋានរបស់ខ្លួន ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំលោក ទូច ណារ៉ុថ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានខិតខំធ្វើឱ្យការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។
លោក ទូច ណារ៉ុថ ក៏បានជំរុញនិងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកប ដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត៕