(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ អន្តរក្រសួង ដឹកនាំការអនុវត្តគោល នយោបាយ ស្តីពីការអភិវឌ្ឍយន្តការ ភាពជាដៃគូ រវាងរដ្ឋនិងឯកជន បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងសិក្ខាសាលាពិគ្រោះ យោបល់ស្តីពី ការធ្វើអត្តសញ្ញាណកម្ម និងជ្រើស រើសគម្រោងសាកល្បង អនុវត្តតាមយន្តការភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដែលសហការរៀបចំ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិឌ្ឍន៍អាស៊ី(ADB) នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ នាសណ្ឋាគារកាំបូឌីយ៉ាណា។

លោករដ្ឋលេខាធិការបានលើកឡើងថា ការរៀបចំសិក្ខាលាសាពិគ្រោះយោបល់នេះ មានគោលដៅផ្តល់ការ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីពាក់ព័ន្ធនៃក្រសួងស្ថាប័ន អំពីនីតិវិធីនៃការធ្វើអត្ត សញ្ញាណកម្ម និងជ្រើសរើសគម្រោងវិនិយោគសាធារណៈ ដើម្បីសាកល្បងអនុវត្ត តាមយន្តការភាព ជាដៃគូរវាងរដ្ឋនិងឯកជន (PPP) និងធ្វើការជ្រើសរើស និងផ្តល់អនុសាសន៍លើគម្រោងដែលបានជ្រើសរើស សម្រាប់បញ្ចូលក្នុងបញ្ជីគម្រោង PPP បឋម ដើម្បីដាក់ជូនគណៈកម្មការអន្តរក្រសួងពិនិត្យ និងអនុម័តនា ពេលខាងមុខ។

លោក វង្សី វិស្សុតក៏បានលើកឡើងផងដែរថា គោលនយោបាយ ស្តីពីការអភិវឌ្ឍយន្តការ PPP សម្រាប់គ្រប់គ្រង គម្រោងវិនិយោគសាធារណៈ២០១៦-២០២០ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីកំណត់យកឆ្នាំ២០២០ ជាឆ្នាំ គោលក្នុងការបង្កើតនិងអនុវត្ត ឱ្យបានពេញលេញនូវប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈតាមយន្តការ PPP ប្រកបដោយភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយស្រប តាមឧត្តមានុវត្តជាអន្តរជាតិ ព្រមទាំងរួមចំណែក ពង្រឹង ការគ្រប់គ្រងហានិភ័យ នៃកាតព្វកិច្ចបំណុលជាយថាហេតុ ដែលកើតចេញពីការអនុវត្តគម្រោង វិនិយោគ សាធារណៈ តាមយន្តការនេះ ។

ក្នុងន័យនេះ ការរៀបចំសិក្ខាសាលានាព្រឹកនេះ គឺជាការបោះជំហានដ៏ សំខាន់ នៅក្នុងការជំរុញអនុវត្តឯកសារគោលនយោបាយខាងលើ ជាពិសេស ដើម្បីសម្រេចឱ្យបាននូវគោលដៅ របស់ រាជរដ្ឋាភិបាល ក្នុងការអនុវត្តអភិក្រម «រៀនផង-ធ្វើផង» ដោយរៀនសូត្រពីបទពិសោធន៍ ជាក់ស្តែង នៅគ្រប់ដំណាក់កាលអនុវត្តនៃវដ្តរបស់គម្រោងជាពិសេសការធ្វើអត្តសញ្ញាណកម្មគម្រោង, ការរៀបចំបញ្ជី គម្រោងអាទិភាព, ការសិក្សាសមិទ្ធិលទ្ធភាព, ការធ្វើកិច្ចលទ្ធកម្ម, និងការគ្រប់គ្រងការអនុវត្តគម្រោង ក្នុងការឈានទៅធ្វើការកែលម្អប្រព័ន្ធគ្រប់់គ្រងយន្តការPPP ឱ្យមានសុក្រិតភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិ ភាព។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌនេះ យើងនឹងធ្វើការជ្រើសរើសគម្រោង សាកល្បង ឱ្យបានចំនួន ២ ឬ ៣ ឬក៏អាចច្រើនជាងនេះ តាមទម្រង់ «ការទូទាត់ផ្អែកលើផលចំណូល» Revenue-based Payment) ដែលមិនត្រូវការការឧបត្ថម្ភធនពីថវិកាជាតិ ពោលគឺជា គម្រោងដែលផ្តល់ផលហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការទាក់ទាញការចូលរួមពីវិស័យឯកជន និងស្ថាប័នផ្តល់ហិរញ្ញប្បទាន។

ចំំពោះមូលហេតុដែលយើង ជ្រើសរើស តែគម្រោងដែលមិនត្រូវការការឧបត្ថម្ភធន ពីថវិកាជាតិនេះគឺ ដោយសារនេះជាដំណាក់ កាលសាក ល្បង ដែលយើងរៀនផងនិងធ្វើផង ដូចនេះសមត្ថភាពនៅក្នុងការគ្រប់គ្រង គម្រោងនៅមានកម្រិតនៅឡើយ ក្នុងខណៈដែលគម្រោងដែលមានតម្រូវការឧបត្ថម្ភធនពីរដ្ឋមានលក្ខណៈស្មុគស្មាញច្រើន ហើយក៏ដូចជា ដើម្បីកុំឱ្យមានសម្ពាធខ្លាំងមកលើថវិកាជាតិ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ផងដែរថា ការអនុវត្តគម្រោងវិនិយោគសាធារណៈ តាមយន្តការភាពជា ដៃគូរវាងរដ្ឋនិងឯកជន (PPP) នឹងក្លាយជាយន្តការគន្លឹះមួយទៅថ្ងៃមុខ ហើយយន្តការនេះនឹង ចូលរួមចំណែក ដល់ការបន្ធូរសម្ពាធមកលើថវិកាជាតិផង ក៏ដូចជាការទាក់ទាញការវិនិយោគឯកជន ជាពិសេសការទាក់ ទាញការចូលរួមរបស់ក្រុមហ៊ុនដែលមានឧត្តមានុវត្តនៅក្នុងការគ្រប់គ្រងគម្រោង និងបច្ចេកវិទ្យា ដើម្បីធ្វើឱ្យ ការគ្រប់គ្រងធនធាននិងការគ្រប់គ្រងគម្រោងនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព ក្នុងគោលដៅបង្កើន តម្លៃបន្ថែមផង និងទ្រទ្រង់សេដ្ឋកិច្ចឱ្យមានកំណើនខ្ពស់ និងមានចីរភាពផង។ ក្នុងន័យនេះ លោករដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ តំណាងក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាលដែលបានចូលរួមទាំងអស់ មេត្តាយកចិត្តទុកដាក់លើ បទបង្ហាញរបស់ក្រុមជំនាញការPPP ស្តីពីការធ្វើអត្តសញ្ញាណកម្ម និងការជ្រើសរើសគម្រោង វិនិយោគ សាធារណៈអនុវត្តតាមយន្តការPPP ដើម្បីជាមូលដ្ឋានក្នុងការជ្រើសរើសគម្រោង សាកល្បងអនុវត្តតាមយន្តការ PPP និងសម្រាប់រៀបចំបញ្ជីគម្រោងអទិភាពក្នុងវិស័យ ឬក្រសួងស្ថាប័នរបស់ខ្លួន សម្រាប់ដាក់ជូនគណៈកម្មការ អន្តរក្រសួងពិនិត្យ និងអនុម័ត នាពេលដ៏ខ្លីខាងមុខ ៕