(ព្រះសីហនុ)៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងមានការណែនាំពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងអាជ្ញាធរក្នុងឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ និងឃើញទង្វើខុសច្បាប់របស់ក្រុមហ៊ុនកែច្នៃស្បែក CS TAN CO., LTD. បង្ហូរសំណល់រាវមានពណ៌ និងសារធាតុខ្លាញ់ចូលសមុទ្រ។

ការបង្ហូរសំណល់រាវមានពណ៌ និងសារធាតុខ្លាញ់ចូលសមុទ្រនេះ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថា និងការរស់នៅរបស់ប្រជាពលរដ្ឋ។ អជ្ញាធរឃុំកែវផុស បានទទួលការត្អូញត្អែពីប្រជាពលរដ្ឋថា កើតរមាស់ និងធ្វើឱ្យប៉ះពាល់លើផលនេសាទ និងជះឥទ្ធិពលដល់ជីវភាពរស់នៅយ៉ាងខ្លាំង។

ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងផលិតកម្ម ព្រមទាំងការគ្រប់គ្រងសំណល់រាវដោយពិនិត្យឃើញថាក្រុមហ៊ុនបានបង្ហូរសំណល់រាវដោយផ្ទាល់តាមប្រព័ន្ធលូចូលទៅស្រះស្តុក (៤ស្រះបន្តបន្ទាប់គ្នា) ដោយមិនបានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្ម។ មានការបង្កប់ទុយោជ័រ ភ្ជាប់ពីស្រះស្តុកទៅកាន់ព្រែកកន្លង់ចម្ងាយប្រមាណ៧០០ម៉ែត្រ។

ក្រុមការងារក្រសួងបរិស្ថានបានរកឃើញថា ក្រុមហ៊ុនបានប្រើម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿង ដើម្បីបូមសំណល់រាវពីព្រែកកន្លង់ទៅកាន់ប្រឡាយជីកថ្មីដើម្បីបង្ហូរបន្តទៅកាន់សមុទ្រដោយផ្ទាល់ ដោយមានគ្របមែកឈើពីលើដើម្បីលាក់បាំង។ ចម្ងាយពីព្រែកកន្លង់ (ទីតាំងបូមសំណល់រាវ) ទៅកាន់សមុទ្រមានប្រវែងប្រមាណ ៣០០ម៉ែត្រ។ 

ក្រុមហ៊ុនបានទទួលស្គាល់កំហុសដែលក្រុមការងារក្រសួងបរិស្ថានបានរកឃើញ ពិសេសការបូមសំណល់រាវបង្ហូរចូលសមុទ្រដោយមិនមានឆ្លងកាត់ការសម្អាតជាមុន និងមិនមានការអនុញ្ញាត។

សម្រាប់វិធានការបន្ទាន់ ក្រុមការងារបានតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពបូមបង្ហូរសំណល់រាវទៅកាន់សមុទ្រ រហូតរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មរួចរាល់និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។

ក្រុមការងារជំនាញក្រសួងបរិស្ថាន បានយកសំណាកទឹកចំនួន៥ទីតាំងដើម្បីធ្វើការវិភាគ និងវាយតម្លៃដោយប្រៀបធៀបនឹងកម្រិតកំណត់ស្តង់ដារដែលមានស្រាប់ និងដើម្បីរៀបចំនីតិវិធីបន្ត។

ក្រុមការងារបានប្រាប់ក្រុមហ៊ុនថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាការល្មើសទៅនឹងមាត្រា២៨៧ និងមាត្រា៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក និងប្រការ៨ នៃកិច្ចសន្យាការពារបរិស្ថាន។

ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា ៨៤៥ បានចែងពីការមិនអុវត្តកតាព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ផងដែរ។ ហើយការបង្ហូរដោយប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ ឬ សុខភាពសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់តាមទំហំប៉ះពាល់បរិស្ថានជាក់ស្តែង។ នេះនៅមិនទាន់គិតទោសទណ្ឌផ្សេងទៀតដែលនឹងរកឃើញតាមនីតិវិធីបន្ត។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែមានសិទ្ធិក្នុងកិច្ចការពារបរិស្ថាន។ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋលើករណីបំផ្លាញខាងលើនេះ ព្រោះជាចំណែកដ៏ធំក្នុងការទប់ស្កាត់សកម្មភាពបំផ្លាញបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត ថ្លែងអំណរគុណប្រជាពលរដ្ឋ រស់នៅក្បែរទីតាំង បានជួយផ្តល់ព័ត៌មាន។ លោករដ្ឋមន្ត្រីលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមរាយការណ៍រាល់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសអនុវត្តន៍វិធានការច្បាប់យ៉ាងតឹងរឹងលើសកម្មភាពខាងលើ ដោយគ្មានការលើកលែងឡើយ៕