(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា សាលាជំនាន់ថ្មី ខុសពីមជ្ឈមណ្ឌលសិក្សាទំនើប ហើយសាលាជំនាន់ថ្មីគឺអត់មានរំសាយនោះទេ មានតែពង្រីកបន្ថែម ដោយសាលាជំនាន់ថ្មីនេះគឺគ្រប់គ្រងដោយរដ្ឋ និងជាសាលាដើម្បីបង្កើនលទ្ធភាព សមត្ថភាព ជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងដូចនេះថា «ម្សិលមិញខ្ញុំបានប្រកាសពីការផ្អាកឈប់ឱ្យមានការរៀបចំបន្ថែម នូវមជ្ឈមណ្ឌលសិក្សាទំនើប ដែលរៀបចំនៅថ្នាក់បឋម និងថ្នាក់អនុវិទ្យាល័យ ហើយមានការយល់ច្រឡំមួយចំនួនថានេះជាសាលាជំនាន់ថ្មី, ខ្ញុំសូមបញ្ជាក់ថា សាលា ២នេះខុសគ្នា សាលាជំនាន់ថ្មី និងមជ្ឈមណ្ឌលសិក្សាទំនើប ចំពោះសាលាជំនាន់ថ្មី គឺកំពុងមានការដំណើរចំនួន ១៣ ហើយយើងគ្រោងរៀបចំបន្ថែមទៀត យើងគ្មានគម្រោងបិទសាលាជំនាន់ថ្មីនោះទេ ប៉ុន្តែយើងនឹងពិនិត្យលទ្ធភាពដើម្បីពង្រីកបន្ថែមទៀត ព្រោះសាលាជំនាន់ថ្មី ជាសាលាដើម្បីបង្កើនលទ្ធភាព សមត្ថភាព ជូនប្រជាពលរដ្ឋ ក្នុងការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងអប់រំ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា អត់មានការលុប និងការបិទសាលាជំនាន់ថ្មីនោះទេ យើងនៅតែបន្តគាំទ្រ ហើយសាលាជំនាន់ថ្មីនេះគឺរដ្ឋជាអ្នកគ្រប់គ្រងតែមួយគត់ ទាំងនាយក ទាំងអ្នកគ្រប់ និងទាំងកម្មវិធីសិក្សាផ្សេងៗគឺជារបស់រដ្ឋ, សាលានេះអនុវត្តស្តង់ដារបង្រៀនតែមួយសម្រាប់សិស្សទាំងអស់ ហើយអ្វីដែលបញ្ឈប់ចំពោះសាលាជំនាន់ថ្មី គឺលែងឱ្យអាណាព្យាបាលបង់លុយទៅកាន់សាលាជំនាន់ថ្មីនេះហើយ ដោយរដ្ឋជាអ្នកទទួលរ៉ាប់រង។
ដោយឡែកពាក់ព័ន្ធនឹងការបញ្ឈប់សម្រាប់មជ្ឈមណ្ឌលសិក្សាទំនើប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា «សាលាមជ្ឈមណ្ឌលសិក្សាទំនើបនេះ គឺស្រដៀងសាលាជំនាន់ថ្មី ប៉ុន្តែជារូបមន្តពាក់កណ្តាលរដ្ឋ និងពាក់កណ្តាលឯកជន (BOT) របស់ឯកជន វិនិយោគរយៈពេល ១៥ឆ្នាំ នៅក្នុងសាលារដ្ឋ មានន័យថា សាលាមួយនេះពេលដែលចុះអនុស្សរណយោគយល់គ្នា (MoU) គឺផ្តល់អគារទៅឱ្យក្រុមហ៊ុនឯកជន អគាររបស់រដ្ឋ នៅសាលារដ្ឋ ដើម្បីអនុវត្តនៅគម្រោងដូចសាលាឯកជនដែរ ដោយយកកម្មវិធីជាតិ បូកជាមួយកម្មវិធីបន្ថែម ប៉ុន្តែគ្រប់គ្រងដោយឯកជន»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្រាប់មជ្ឈមណ្ឌលសិក្សាទំនើប ការបង្រៀនគឺមានស្តង់ដារ២ក្នុងសាលាតែមួយ ដោយសិស្សបង់លុយត្រូវអង្គុយរៀនផ្សេង និងសិស្សមិនបង់លុយត្រូវអង្គុយរៀនផ្សេង ដោយឡែកសម្រាប់សាលាជំនាន់ថ្មី គឺមិនមានស្ទង់ដារ២នោះទេ គឺរៀនជាមួយគ្នាទាំងអស់ ដូចនេះហើយមិនអាចឱ្យមានការពង្រីកការបង្រៀនមានស្ទង់ដារ២ ក្នុងសាលាតែមួយបានទៀតនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសុំការយោគយល់អាណាព្យាបាល ក៏ដូចជាលោកគ្រូ អ្នកគ្រ ដែលមានកូនរៀន និងបង្រៀននៅមជ្ឈមណ្ឌលសិក្សាទំនើប ដែលសម្តេចបានសម្រេចចិត្តដូចនេះ ក្រោយមានការថ្លឹងថ្លែងជាយូរ មុននឹងសម្រេចចិត្តដូចនេះផងដែរ, សម្តេចបញ្ជាក់ថា បើសិនជាបន្តឱ្យមានមជ្ឈមណ្ឌលសិក្សាទំនើប នឹងបន្តជាបញ្ហា កាន់តែមានភាពរ៉ាំរ៉ៃយូរអង្វែងផងដែរ៕