(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់មគ្គទេសក៍ទេសចរណ៍ និងអ្នកផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ត្រូវច្បាស់លាស់ពីប្រវត្តិសាស្ត្រក្នុងការបកស្រាយទៅកាន់ភ្ញៀវទេសចរ និងសាធារណជន ជៀសវាងការយល់ច្រឡំពីខ្លឹមសារប្រវត្តិសាស្ត្រពិតរបស់កម្ពុជា។
ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកពីការបកស្រាយរបស់ Influencer បរទេសម្នាក់ ដែលនិយាយទាំងខុសថា ប្រាសាទអង្គរ មិនមែនបុព្វបុរសខ្មែរជាអ្នកកសាងទេ ដោយយោងទៅតាមឯកសារស្រាវជ្រាវ ដែលនេះធ្វើឲ្យប្រាសចាកពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា។
តាមរយៈករណីខុសឆ្គងខាងលើ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានស្នើដល់មគ្គទេសក៍ទេសចរណ៍ត្រូវច្បាស់លាស់ពីប្រវត្តិសាស្ត្រ កុំបកស្រាយខុសទៅកាន់ភ្ញៀវទេសចរ។ ហើយក្រសួងទេសចរណ៍ ក៏ត្រូវបណ្ដុះបណ្ដាលឲ្យច្បាស់លាស់ពីប្រវត្តិសាស្ត្រ ដើម្បីឲ្យការបកស្រាយប្រកបដោយភាពត្រឹមត្រូវ។
សម្ដេចបញ្ជាក់បន្ថែមថា «យើងចង់ឲ្យទេសចរបរទេសមកឲ្យច្រើន តែយើងក៏ត្រូវផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ វប្បធម៌ឲ្យបានត្រឹមត្រូវដែរ ដូច្នេះត្រូវតែច្បាស់លាស់រឿងប្រវត្តិសាស្ត្រ»។
ជាមួយគ្នានោះ សម្ដេចធិបតីបានឲ្យដឹងថា ឆ្នាំនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ហើយបានលើកទឹកចិត្តឲ្យប្រតិបត្តិករទេសចរណ៍បង្កើនការលក់កញ្ចប់ទស្សនកិច្ចជូនទេសចរឲ្យបានទូលំទូលាយ។
សម្តេចបវរធិបតីក៏បានលើកទឹកចិត្តដល់យុវជនតាមបណ្ដាញសង្គម បណ្ដាញសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ សូមបន្តរួមគ្នាផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា និងលើកកម្ពស់កិត្តិនាមកម្ពុជា។ ចំពោះអ្នកបង្កើតមាតិកា តារាសម្ដែង អ្នកនៅក្នុងបណ្ដាញសង្គម ក៏សូមបន្តជួយផ្សព្វផ្សាយពីសមិទ្ធផលទាំងអស់នេះ និងសូមគិតពីភាពសមរម្យក្នុងការបង្ហាញវីដេអូ ឬការសម្ដែងបង្ហាញពីវប្បធម៌ អត្តសញ្ញាណជាតិ ឬនៅតំបន់បេតិកភណ្ឌជាតិជាដើម៕