(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៧ បានលើកទឹកចិត្តដល់យុវជន តារាសម្តែង អ្នកផលិតមាតិកា បណ្តាញសារព័ត៌មាន ប្រជាពលរដ្ឋទូទៅ ដែលមានឥទ្ធពលលើបណ្តាញសង្គម បន្តជួយការជួយផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល វប្បធម៌ ព្រឹត្តិការណ៍នានាដែលបានរៀបចំឡើង និងគោលដៅទេសចរណ៍ ក្នុងគោលដៅរួមគ្នា ទាក់ទាញភ្ញៀវទេសចរមកកម្ពុជាឱ្យបានកាន់តែច្រើន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្តេចធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សូមឱ្យបងប្អូនជា Influencer យុវជនរបស់យើង តារាសម្តែង បងប្អូនយើងដែលមានអ្នកតាមដានច្រើនៗ សូមបន្តជួយផ្សព្វផ្សាយបន្ថែមពីសមិទ្ធផលទាំងអស់នេះ លើកស្ទួយពីកម្ពុជា»។
សម្តេចបវរធិបតី បានកត់សម្គាល់ឃើញថា កន្លងមកក៏មាន យុវជន តារាសម្តែង អ្នកផលិតមាតិកាមួយចំនួនបានជួយផ្សព្វផ្សាយច្រើន ពីព្រឹត្តិការណ៍ និងវប្បធម៌នានានៅលើបណ្តាញសង្គម ដូចជា ការថតឃ្លីបវីដេអូស្លៀកពាក់បុរាណ សម្លៀកបំពាក់ក្បាច់គុណ សកម្មភាពរត់នៅតាមប្រាសាទ បង្ហោះនៅលើ Tik Tok ដែលនេះសុទ្ធតែជាការបង្ហាញ និងផ្សព្វផ្សាយពីវប្បធម៌របស់កម្ពុជា។ហើយនៅឆ្នាំនេះ នឹងមានការរៀបចំនូវកម្មវិធីអង្គរសង្រ្កានម្តងទៀតនៅខេត្តសៀមរាប និងកម្ពុជាសាទរកម្ពុជា នៅចុងឆ្នាំ និងខិតខំរៀបចំកម្មវិធីផ្សេងៗទៀត ដូច្នេះហើយ សូមយុវជន តារាសម្តែង អ្នកផលិតមាតិកាមួយចំនួនជួយផ្សព្វផ្សាយឱ្យច្រើន។
ទន្ទឹមគ្នានេះ សម្តេចមិនលើកទឹកចិត្តឱ្យផ្សព្វផ្សាយពីបញ្ហាច្រើនពេកទេនៅលើបណ្តាញសង្គម បើទោះបីជាការផ្សព្វផ្សាយពីបញ្ហា មានការ Like Share ច្រើនក៏ដោយ។ ជាមួយគ្នានេះ សម្តេចក៏បានណែនាំដល់ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធ ត្រូវពិនិត្យមើលអ្នកនិយាយនៅលើបណ្តាញសង្គមទាក់ទងនឹងប្រវត្តិសាស្រ្ត ជាពិសេសសិលាចារឹក ប្រសិនបើនិយាយខុស ត្រូវតែមានការកែតម្រូវភ្លាមៗ៕