(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបពីការរៀបចំកម្មវិធីនៅតំបន់ប្រាសាទ ដើម្បីកម្សាន្តពេលរាត្រី ជាពិសេសទីលានជល់ដំរី ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា តំបន់ទេសចរណ៍ប្រទេសមួយចំនួន ត្រឹមតែវត្តមួយ គេអាចទទួលបានអ្នកទេសចររាប់លាននាក់​។

នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំរៀបចំលើកស្លាកប៉ាណូអំពី គោលដៅទេសចរណ៍នៅតាមទីតាំងសំខាន់ៗ ដូចជាច្រកចូលខេត្ត រង្វង់មូល និងទីប្រជុំជនសំខាន់ៗ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្តឲ្យមានការគិតគូរ អំពីការរៀបចំសកម្មភាពពេលរាត្រីផង នៅភ្នំពេញយើងមាន មិនមែនតែពេលរាត្រីកន្លែងបិទទ្វារទេ តែកន្លែងសាធារណៈ។ [...] នៅអង្គរ ខ្ញុំធ្លាប់ផ្តល់យោបល់ជូនទៅលោកជំទាវ ភឿង សកុណា ដែរ ឲ្យគិតគូរ នៅតំបន់ប្រាសាទអង្គរយើង ពេលយប់គឺស្ងាត់។ ដោយសារសុវត្ថិភាព យើងមិនអាចបើកគ្រប់កន្លែងទេ [...] តែយើងមានកន្លែងដែលអាចរៀបចំបាន»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ខ្ញុំបានឲ្យយោបល់ឯកឧត្តម និងលោកជំទាវ រដ្ឋមន្ត្រី និយាយគ្នាមើល តែតំបន់ទីលានជល់ដំរីអី អាចលេង Night Show (ការសម្តែងពេលរាត្រី) បានទេ? បើពេលទេសចរ ពេលយប់មុននឹងគាត់ចេញ ប្រមូលគាត់ទៅកន្លែងហ្នឹង មើល Show មួយកន្លែងហ្នឹងទៅ»។

ស្របពេលជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យរួមគ្នាផ្សព្វផ្សាយពីភាពស្រស់ស្អាតរបស់កម្ពុជា និងណែនាំដល់មគ្គទេសក៍ទេសចរណ៍ ត្រូវច្បាស់លាស់ពីប្រវត្តិសាស្ត្រ កុំបកស្រាយខុសទៅកាន់ភ្ញៀវទេសចរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគាំទ្រឱ្យមានការថតភាពយន្តនៅលើទឹកដីអង្គរ ក៏ដូចជានៅទីតាំងនានានៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនភាពយន្តបរទេស។ សម្រាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈការថតភាពយន្តនេះ ធ្វើឱ្យកម្ពុជាចំណេញក្នុងការផ្សព្វផ្សាយកម្ពុជា ដោយមិនចាំបាច់ចំណាយលុយទៅជួលគេផ្សាយនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានលើកទឹកចិត្តដល់អ្នកផលិតមាតិកាលើបណ្តាញសង្គម (Content Creator) បណ្តាញសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ​ទូទៅ ដែលបានខិតខំក្នុងការជួយផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និង​គោល​ដៅទេសចរណ៍៕