(ព្រះវិហារ)៖ មន្រ្តីឧទ្យានុរក្ស នៅក្នុងពេលចុះល្បាតជាមួយសហគមន៍តំបន់ការពារធម្មជាតិនៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រទះឃើញវត្តមានសត្វខ្ទីងមេ-កូន ដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្តភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២,០០០ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាតំបន់ទេសភាពខ្ពង់រាបខាងកើត និងតំបន់ជួរភ្នំក្រវ៉ាញជាដើម។ តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើនដូចជានៅក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរី ជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង៥០០ ទៅជាង១,០០០ក្បាល តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្ន។

សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់១.៥តោន។

ក្រសួងបរិស្ថានក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការអនុវត្តច្បាប់លើកិច្ចការពារ និងគ្រប់គ្រងអភិរក្សជីវៈចម្រុះសត្វព្រៃគ្រប់ប្រភេទ ការការពារឱ្យបានល្អប្រសើរនូវតំបន់ការពារធម្មជាតិដែលជាទីជម្រក របស់សត្វព្រៃ និងថែរក្សាប្រភពទឹក និងប្រភពចំណីអាហាររបស់សត្វព្រៃ ក៏ដូចជាការអប់រំផ្សព្វផ្សាយពីច្បាប់ និងសារៈសំខាន់នៃការថែរក្សាព្រៃឈើសត្វព្រៃដើម្បីអនុញ្ញាតឱ្យជីវៈចម្រុះ ជាពិសេសសត្វកម្រដែលជិតផុតពូជ នៅលើពិភពលោកបន្តរស់នៅ និងបន្តពូជបន្សល់ទុកជាសម្បត្តិធម្មជាតិសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ក្រសួងបរិស្ថាននឹងបន្តសហការជាមួយអង្គការដៃគូ នានាដែលបានសហការក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជាដើម្បីថែរក្សាការពារឱ្យបានគង់វង្សនូវធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃ។

ដើម្បីចូលរួមការពារ និងអភិរក្សសត្វព្រៃជាពិសេសសត្វព្រៃកម្រៗ នៅលើពិភពលោកដែលមានវត្ត មាននៅកម្ពុជា ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំជឿថាបរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ។ ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹង អនុវត្តច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វដោយមិនលើកលែងឡើយ។

ក្រសួងបរិស្ថានស្នើសុំប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងអភិរក្សសត្វព្រៃ និងសូមនិយាយថាទេចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងចូលរួមរាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់សត្វ និងចូលរួមបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃដើម្បីផលប្រយោជន៍ សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយ និងលុបបំបាត់របរចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់សត្វដែលប្រជាពលរដ្ឋមួយចំនួនកំពុងប្រកបរបរដែលប្រឈមនឹងមុខច្បាប់នេះ៕