(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលប្រជុំជាន់ទី១អគាររដ្ឋបាលខេត្ត បានសម្តែងការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំដឹកនាំអង្គភាព និងយកចិត្តទុកដាក់ បង្ហាត់បង្រៀនសិស្សានុសិស្ស រហូតទទួលបានជ័យលាភីពានរង្វាន់នាយកល្អ គ្រូល្អ ក៏ដូចជាសាលារៀនគំរូ ដែលត្រូវបានធ្វើឡើង ក្នុងឱកាសបិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សាចាស់ ឆ្នាំ​២០២៣​-២០​២​៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ។

លោកបន្តថា នៅក្នុងក្របខណ្ឌ នៃការអនុវត្តជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍ និងកែទម្រង់សំខាន់ៗ ទៅតាមវិស័យអាទិភាព និងបង្កើននូវយន្តការដោះស្រាយបញ្ហាប្រឈម និងការធានាប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងការឆ្លើយតបទានពេលវេលា រួមមានជម្រុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ វិស័យអប់រំ បូករួមទាំងវិស័យសុខាភិបាល។

លោក ខូយ រីដា បានបញ្ជាក់ថា ពានរង្វាន់នេះ បង្ហាញយ៉ាងច្បាស់អំពីលទ្ធផលជាវិជ្ជមាន នៃការដឹកនាំ និងបង្ហាត់បង្រៀន ដូច្នេះសូមឱ្យលោកគ្រូ អ្នកគ្រូ រួមទាំងអង្គភាពសាលារៀនគំរូ ដែលទទួលបានជ័យលាភីទាំងអស់ ត្រូវរៀបចំចងក្រង ចែករំលែកនូវបទពិសោធន៍ និងបន្តផ្សព្វផ្សាយជូនសាលារៀនដ៏ទៃផ្សេងទៀត ដើម្បីធ្វើទស្សកិច្ចដកស្រង់បទពិសោធន៍ សម្រាប់កែលម្អ ក្នុងអង្គភាពរបស់ខ្លួនឱ្យប្រសើរឡើង។ លោកបានជំរុញ ដល់លោកគ្រូ អ្នកគ្រូ រួមទាំងអង្ភភាពសាលារៀនដែលមិនទាន់បានទទួលជ័យលាភី ត្រូវខិតខំយកចិត្តទុកដាក់ធ្វើការប្រឡងប្រណាំង កែទម្រង់ និងមានភាពឆ្លាតវៃ មានបំនិនអប់រំ ដើម្បីដណ្តើមជ័យលាភីនាឆ្នាំខាងមុខ ជាមុខមាត់សម្រាប់ខេត្តយើងបន្តទៀត។

លោកបានណែនាំ ដល់គណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ត្រូវតែផ្តល់មតិកែលម្អល្អៗ និងផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត ឥរិយាបទរបស់សិស្ស ពិសេសផ្ដោតលើការបណ្ដុះឱ្យមានការគោរពវិន័យ មានសណ្តាប់ធ្នាប់ មានអនាម័យ បរិស្ថានល្អ និងត្រូវចងចាំថាបើមានសំរាម គឺគ្មាននាយកសាលា បើមាននាយកសាលា គឺគ្មានសំរាម, ផ្ទុយទៅវិញសិស្សានុសិស្ស ដែលចោលសំរាមពាសវាលពាសកាល ក៏ផ្តើមចេញពីយើងជាគ្រូបង្រៀននោះផងដែរ។

គួរជម្រាបជូនថា កន្លងមកខេត្តពោធិ៍សាត់ ក៏ធ្លាប់បានទទួលជ័យលាភីវិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ជាបន្តបន្ទាប់ ធ្វើឱ្យមុខមាត់ខេត្តរបស់យើង កាន់តែមានមោទកភាព។ ក្នុងឆ្នាំ២០២៣ គណៈកម្មការវាយតម្លៃថ្នាក់ជាតិ បានវាយតម្លៃជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគម្រូ ជាលទ្ធផលខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីចំនួន៣ គឺអនុវិទ្យាល័យពោធិ៍សាត់ ទទួលជ័យលាភីលេខ៤ អមដោយថវិកា៨០លានរៀល, មណ្ឌលសុខភាពសំរោង ទទួលបានជ័យលាភីលេខ១ អមដោយថវិកា២០០លានរៀល និងមណ្ឌលសុខភាពបឹងបត់កណ្តោល ទទួលបានជ័យលាភីលេខ៣ អមដោយថវិកា១០០លានរៀល។

ជាក់ស្តែងនាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមោទកភាពថ្មី សម្រេាប់ខេត្តពោធិ៍សាត់យើងនោះ, ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញប្រកាស លេខ២៧២, ២៧៣ និង២៩៩ ទទួលស្គាល់ជ័យលាភីពានរង្វាន់ ឆ្នាំសិក្សា២០២៣-២០២៤ ដែលក្នុងនោះមាន សាលាមត្តេយ្យសិក្សាធនធានឈើតុំ ស្រុកក្រគរ, សាលាមត្តេយ្យសិក្សាធនធានពោធិ៍សាត់ ក្រុងពោធិ៍សាត់, វិទ្យាល័យ ហ៊ុន សែន ក្រគរ ស្រុកក្រគរ, វិទ្យាល័យតាលោ ស្រុកតាលោសែនជ័យ និងវិទ្យាល័យពោធិ៍សាត់ ក្រុងពោធិ៍សាត់។

សម្រាប់លោកគ្រូ អ្នកគ្រូ និងសាលារៀន ដែលទទួលបានជ័យលាភី រួមមាន៖

ទី១៖ លោក តេង ធា នាយកវិទ្យាល័យតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់នាយកសាលាល្អ ជ័យលាភីលេខ៧ និងថវិកាអមពានរង្វាន់ ចំនួន២,៥០០,០០០រៀល។
ទី២៖ លោក ស៊ិន ផល្លា គ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់គ្រូបង្រៀនល្អ ជ័យលាភីលេខ៩ និងថវិកាអមពានរង្វាន់ ចំនួន២,៥០០,០០០រៀល។
ទី៣៖ លោកស្រី ហង់ សុភាលី គ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់គ្រូបង្រៀនល្អ ភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣ ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ ចំនួន៣,០០០,០០០រៀល។
ទី៤៖ លោកស្រី ជា ពិសី គ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់គ្រូបង្រៀនល្អ គណិតវិទ្យាថ្នាក់ទី១ ទី២ និងទី៣ ជ័យលាភីលេខ៤ និងថវិកាអមពានរង្វាន់ ចំនួន៣,០០០,០០០រៀល។
ទី៥៖ លោកស្រី ឡាវ ទិត្យា គ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍កំបោរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទទួលបានប័ណ្ណសរសើរលើកទឹកចិត្តជូន គ្រូបង្រៀនគណិតវិទ្យា ថ្នាក់ទី១ ទី២ និងទី៣ ក្នុងការខិតខំបង្រៀនមានស្នាដៃល្អ។
ទី៦៖ វិទ្យាល័យឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានប័ណ្ណសរសើរលើកទឹកចិត្ត ជូនសាលារៀនដែលបានខិតខំរៀបចំកែលម្អ និងអភិវឌ្ឍបរិស្ថានសិក្សាល្អ និងថវិកាអមពានរង្វាន់ ចំនួន៥លានរៀល។
ទី៧៖ សាលាមត្តេយ្យសិក្សាធនធានឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់សាលារៀនគំរូ និងថវិកាអមពានរង្វាន់ ចំនួន៥លានរៀល។
ទី៨៖ សាលាមត្តេយ្យសិក្សាធនធានពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់សាលារៀនគំរូ និងថវិកាអមពានរង្វាន់ ចំនួន៥លានរៀល។
ទី៩៖ វិទ្យាល័យ ហ៊ុន សែន ក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់សាលារៀនគំរូ និងថវិកាអមពានរង្វាន់ ចំនួន៥លានរៀល។
ទី១០៖ វិទ្យាល័យតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់សាលារៀនគំរូ និងថវិកាអមពានរង្វាន់ ចំនួន៥លានរៀល។
និងទី១១៖ វិទ្យាល័យពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់សាលារៀនគំរូ និងថវិកាអមពានរង្វាន់ ចំនួន៥លានរៀល។

ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានផ្តល់ជូនកាដូពិសេស ជាម៉ូតូ១គ្រឿង ដល់យុវតី ចាង ច័ន្ទតារ៉ាវតី ជាសិស្សថ្នាក់ទី១០A ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នៃវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ស្រុកកណ្តៀង ក្រោយពីយុវតីរូបនោះ បានបញ្ចេញសំនៀងប្រដូចនឹងលោកយាយ រស់ សេរីសុទ្ធា និងលោកយាយ ប៉ែន រ៉ន ធ្វើឱ្យមហាជនផ្ទុះការគាំទ្រយ៉ាងច្រើនផងដែរ៕