(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានលើកឡើងថា អង្គសន្និបាតនៃក្រសួងទេសចរណ៍រយៈពេល១ថ្ងៃកន្លះមកនេះ បានស្នើឱ្យរដ្ឋាភិបាលជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមរយៈការទាក់ទាញក្រុមហ៊ុនផលិតភាពយន្តល្បីៗ មកថតនៅកម្ពុជា និងបង្កើនកិត្តិនាមកម្ពុជា នៅលើឆាកអន្តរជាតិ និងឈានទៅដល់ការលុបបំបាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានអវិជ្ជមានទាំងឡាយ ដែលបង្កផលប៉ះពាល់ដល់ទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញទេសចរមកកម្ពុជា ឱ្យបានកាន់តែច្រើន។
ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់បានថ្លែងថា តាមរយៈកិច្ចពិភាក្សារបស់អង្គសន្និបាតនៃក្រសួងទេសចរណ៍ រយៈពេល១ថ្ងៃកន្លះនេះ បានស្នើសុំឱ្យពិចារណា ជំរុញការផ្សព្វផ្សាយទេសចរណ៍ និងបង្កើនកិត្តិនាមកម្ពុជា តាមរយៈការទាក់ទាញក្រុមហ៊ុនផលិតភាពយន្តល្បីៗមកថតនៅកម្ពុជា ដូចជា ក្រុមហ៊ុន Hollywood, Bollywood, China Film Group និងក្រុមហ៊ុនមកពីប្រទេសគោលដៅសំខាន់ៗ ដោយអាចផ្តល់ជាគោលនយោបាយលើកទឹកចិត្ត និងការសម្រួលនីតិវិធីក្នុងការស្នើសុំការអនុញ្ញាតថតជាដើម។
លោកបានឱ្យដឹងថា ថ្មីៗនេះ ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត សម្របសម្រួលការថតភាពយន្ត របស់ក្រុមហ៊ុនផលិតភាពយន្ត ប្រទេសចិន ប្រទេសកាហ្សាក់ស្ថាន ហើយបាននឹងកំពុងទាក់ទាញក្រុមហ៊ុនផលិតភាពយន្ត សិល្បករ និងតន្ត្រីករល្បីៗ ពីប្រទេសចិន, សាធារណរដ្ឋកូរ៉េ (K-pop), សហរដ្ឋអាមេរិក, អ៊ីតាលី (ដូចជាលោក Andrea Bocelli តន្ត្រីករអ៊ីតាលីដ៏ល្បីល្បាញ), ឥណ្ឌ ជប៉ុន និងតួគីបន្ថែមទៀត។
លោកបន្ថែមថា អ្វីដែលជាតម្លៃបន្ថែមទៀតសម្រាប់កម្ពុជា ដោយសារកត្តាសុខសុវត្ថិភាព ភាពប្រកួតប្រជែង និងមានសម្បទាទេសចរណ៍គ្រប់គ្រាន់ កន្លងទៅថ្មីៗនេះ ប្រទេសកម្ពុជាមានលទ្ធភាពក្នុង ការទទួលការថតពាណិជ្ជកម្ម និងការតាំងពិព័រណ៍ម៉ាកផលិតផលល្បីៗលំដាប់ពិភពលោក ដូចជា៖ Stefano Ricci (ម៉ាកសម្លៀកបំពាក់ប្រណិតរបស់អ៊ីតាលី), BVLGARI (ម៉ាកយីហោគ្រឿង អលង្ការប្រណិតលំដាប់ពិភពលោក) ជាដើម។
លោកមានប្រសាសន៍ថា អង្គសន្និបាតបានគោរពដឹងគុណដ៏ជ្រាលជ្រៅជូនរាជរដ្ឋាភិបាល ក្នុងការបន្តរក្សាបាននូវសុខសន្តិភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងការក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម មានភាពរឹងមាំ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងធានារក្សាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត វៃឆ្លាត និងបៃតង។
ទន្ទឹមគ្នា អង្គសន្និបាតបានវាយតម្លៃខ្ពស់ពីសកម្មភាពផ្សព្វផ្សាយកិត្តិនាមកម្ពុជាកន្លង មករបស់ក្រសួងទេសចរណ៍, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈការចូលរួម និងរៀបចំពិព័រណ៍ទេសចរណ៍, ព្រឹត្តិការណ៍ទេសចរណ៍ជាតិ-អន្តរជាតិ, ការផ្សព្វផ្សាយទេសចរ ណ៍តាមគ្រប់រូបភាព ពិសេសការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលផ្សេងៗ (Digital Marketing)។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានដឹកនាំរៀបចំយុទ្ធនាការសំខាន់ៗចំនួន ៣ក្នុងឆ្នាំ២០២៤ រួមមាន៖ យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤- យុទ្ធនាការឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ និងយុទ្ធនាការ ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤-។ ថ្មីៗនេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អន្តរក្រសួង និងវិស័យឯកជន ចូលរួមពិធីបិទឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន ប្រទេសចិន ប្រកបដោយភាពជោគជ័យ និងលទ្ធផលគួរជាទីមោទនៈ។
បន្ថែមលើភាពជោគជ័យខាងលើ អង្គសន្និបាតក៏បានអបអរសារទការប្រារព្ធព្រឹត្តិការណ៍ Gumball 3000, ព្រឹត្តិការណ៍សាទរកម្ពុជាប្រកបដោយភាពអធិកអធម និងឱឡារិក, ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ, ពិធីបុណ្យរំលឹកគុណអង្គរ, ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមចំណែកផ្សព្វផ្សាយកិត្តិនាមកម្ពុជា និងទេសចរណ៍កម្ពុជា។
បន្ថែមពីនេះ ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយទាក់ទាញទេសចរ និងវិនិយោគិនឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ (Bring Cambodia to the World) និងទាក់ទាញពិភពលោកមកទស្សនាកម្ពុជា (Bring the World to Cambodia), អង្គសន្និបាតក៏បានលើកជាសំណូមពរបន្តរៀបចំយុទ្ធនាការផ្សព្វផ្សាយ ឱ្យមានភាពច្នៃប្រឌិតបន្ថែមទៀត និងចំគោលដៅទីផ្សារ ពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិមិត្ត (AI) ។
លោកបន្ថែមថា អង្គសន្និបាតរបស់យើង ក៏បានស្នើសុំរៀបចំបង្កើតព្រឹត្តការណ៍ទេសចរណ៍ ក្នុងស្រុកឱ្យបានច្រើន និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដោយបន្ថែមលើការរៀបចំព្រឹត្តិការណ៍ តាមសមុទ្រ និងដងទន្លេ ឈានទៅបង្កើតព្រឹត្តិការណ៍តាមតំបន់ភ្នំ ឬតាមតំបន់អេកូទេសចរណ៍នានាទូទាំងប្រទេស និងការទាញយកសក្តានុពលឱ្យបានជាអតិបរមាពីគោលដៅទេសចរណ៍ដែល មានស្រាប់ (ដូចជាគំនិតផ្តួតផ្តើម Angkor by Night) ការជំរុញទេសចរណ៍មូស្លីម និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍។
លើសពីនេះទៅទៀត លោកក៏បានលើកឡើងពីបញ្ហា ប្រឈមទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានអវិជ្ជមានទាំងឡាយដែលបង្កផល ប៉ះពាល់ដល់ទេសចរណ៍កម្ពុជា និងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និងបានស្នើសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងសាធារណជនទាំងអស់ រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោក។
ជាមួយគ្នានេះ អង្គសន្និបាតក៏បានវាយតម្លៃខ្ពស់ចំពោះក្រសួង ព័ត៌មាន ក្រសួង ស្ថាប័នពាក់ព័ន្ធ អ្នកផលិតមាតិកាព័ត៌មាន បងប្អូនមគ្គទេសក៍ទេសចរណ៍ និង បងប្អូនប្រជាជនខ្មែរ រួមទាំងជនបរទេសដែលបានចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់វិស័យ ទេសចរណ៍កម្ពុជា នាពេលកន្លងមក៕