(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា អង្គសន្និបាតក្រសួងទេសចរណ៍រយៈពេល១ថ្ងៃកន្លះ បានបង្ហាញនូវការអបអរសារទរ ចំពោះការដាក់ដំណើរការ ការសាកល្បងតំបន់ថ្មើជើង (Walk Street) នៅតាមមាត់ទន្លេចតុមុខរាជធានីភ្នំពេញ និងស្នើឱ្យខេត្តផ្សេងរៀបចំតំបន់ថ្មើជើងដូចភ្នំពេញដែរ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការបង្កើតឱ្យមានតំបន់ថ្មើជើងនេះបានបង្ហាញ និងផ្សព្វផ្សាយផលិតផលអនុស្សាវរីយ៍ខ្មែរ ផលិតផលខ្មែរសម្បូរបែប និងម្ហូបខ្មែរ ដែលជាហេតុផលមួយ ក្នុងការទាកទាញភ្ញៀវទេសចរ ឲ្យចូលមកកម្ពុជាបានដឹង និងស្គាល់ពីផលិតផលខ្មែរ។
ការលើកឡើរបស់លោក ហួត ហាក់ ធ្វើឡើងក្នុងកម្មវិធីបិទសន្ដិបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកបានលើកឡើងដូច្នេះថា «ក្នុងនោះអង្គសន្និបាតសារទរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ឱ្យដំណើរការសាកល្បងតំបន់ថ្មើជើង (Walk Street) នៅតាមមាត់ទន្លេចតុមុខរាជធានីភ្នំពេញ ប្រកបដោយ ជោគជ័យ ដោយបានដាក់បង្ហាញ និងផ្សព្វផ្សាយផលិតផលអនុស្សាវរីយ៍ខ្មែរ ផលិតផលខ្មែរ សម្បូរបែប និងម្ហូបខ្មែរ។ ករណីនេះអង្គសន្និបាតស្នើរដ្ឋបាលខេត្តដទៃទៀត ពិចារណានិងពិនិត្យ លទ្ធភាពទៅតាមស្ថានភាពជាក់ស្តែង ក្នុងការរៀបចំតំបន់ថ្មើជើង (Walk street area ឬ Pub street) ដែលជាផលិតផលទេសចរណ៍ថ្មីមួយបែប»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកឡើងពីការងាអាទិភាព លើការគ្រប់គ្រង និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដែលអង្គសន្និបាតកំណត់យកចិត្តទុកដាក់ ដោយក្នុងនោះអង្គសន្និបាតបានកត់សម្គាល់ពីសមិទ្ធផលការងារលើការគ្រប់គ្រង និងពង្រឹងគុណភាពសេវាកម្មរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីខេត្តរួមមាន៖ ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការអនុវត្តបុរេសកម្មក្នុងការគ្រប់គ្រងថ្លៃសេវាកម្ម, ការចុះពិនិត្យ និងជំរុញការអនុវត្តស្តង់ដាសេវាកម្ម និងការរៀបចំនិងសហការរៀបចំការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍ ពិសេសការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍។
ជាមួយគ្នានេះ អង្គសន្និបាតក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន រួមមាន៖ ការអនុវត្តក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈទេសចរណ៍នៅមានកម្រិត, ការឡើងថ្លៃសេវាកម្មទេសចរណ៍ក្នុងពិធីបុណ្យជាតិផ្សេងៗ, គុណភាពសេវាកម្មទេសចរណ៍នៅមានកម្រិត, បញ្ហាភាពស្អាតនិងអនាម័យ, កង្វះបន្ទប់ទឹកអនាម័យ តាមតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ មិនទាន់បានឆ្លើយតបសមស្រប។
លោក ហួត ហាក់ ក៏បានថ្លែងបន្ថែមថា អង្គសន្និបាតបានសុំស្នើឱ្យក្រសួងទេសចរណ៍ និងពិសេសរដ្ឋបាលរាជធានីខេត្ត បន្តចុះពង្រឹងការអនុវត្តច្បាប់ ស្តីពីទេសចរណ៍ឱ្យមានប្រសិទ្ធភាព ពិសេសទៅលើអាជីវកម្ម ទេសចរណ៍ដែលគ្មានច្បាប់អនុញ្ញាត, អាជីវកម្មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការពង្រឹងស្តង់ដារ គុណភាពសេវាកម្មទេសចរណ៍ ដើម្បីធានាបានការប្រកួតប្រជែងស្មើភាព ឈរលើគោលការណ៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះក្រសួងទេសចរណ៍ នឹងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យបានច្រើន និងមានគុណភាពបន្ថែមទៀត, ជំរុញការទទួលស្គាល់បុគ្គលិកជំនាញក្នុងវិស័យ ទេសចរណ៍ ដែលមានបទពិសោធការងារ តែមិនទាន់មានការទទួលស្គាល់ និងពង្រឹងឡើងវិញ ការរៀបចំវគ្គវិក្រឹត្យការពង្រឹងសមត្ថភាពទាំងជំនាញរឹង និងជំនាញទន់។
បន្ថែមលើនេះអង្គសន្និបាតក៏បានស្នើសុំពិចារណាផ្តល់ការលើកលែងការ ពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ សម្រប់ រដូវកាលបៃតង ដើម្បីសម្រួលបន្ទុកអនុលោមភាពអាជីវកម្មក្នុងអំឡុងពេលនេះ៕