(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានលើកឡើងពីកង្វល់មួយចំនួន ដែលទាមទារយកចិត្ដទុកដាក់ដោះស្រាយ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ។
បញ្ហាប្រឈម និងក្តីកង្វល់ទាំងនោះរួមមាន ចំណុចខ្វះខាតលើការបដិសណ្ឋាកិច្ច និងការទារកម្រៃក្រៅផ្លូវការ នៅតាមច្រកទ្វារអន្តរជាតិ តម្លៃសំបុត្រយន្តហោះ តម្លៃចំណតរថយន្តនៅតាមព្រលានយន្តហោះជាដើម។
លោក ហួត ហាក់ បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាកញ្ចប់ក្នុងការកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង ប្រព័ន្ធអេកូឡូស៊ីតែមួយរបស់រាជរដ្ឋាភិបាល និងបានបញ្ចុះថ្លៃទិដ្ឋាការអេឡិចត្រូនិច (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E)។ ពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការ ក្នុងការបោះពុម្ពទិន្នន័យ និង QR Code សម្រាប់បិទលើសន្លឹកលិខិតឆ្លងដែនជនបរទេស ជំនួសឱ្យការប្រើប្រាស់សន្លឹក ទិដ្ឋាការស្ថិត និង/ឬការប្រថាប់ត្រា ជំនាញអន្តោប្រវេសន៍។
លោកបានលើកឡើងទៀតថា អង្គសន្និបាត ក៏បានលើកឡើងពីភាពចំណុចខ្វះខាតមួយចំនួន ដែលកើតមាននៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ និងគប្បីយកចិត្តទុកដាក់ រួមមាន៖
* សេវាកម្មទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរនៅមានកម្រិត, ការលេចលឺពីការទារកម្រៃសេវាក្រៅផ្លូវការ ឬការទារកម្រៃសេវាខុស ពីបទដ្ឋានដែលបានកំណត់, ការបង្កើតនីតិវិធីស្មុគស្មាញ ដើម្បីទារកម្រៃសេវាជាដើម។
ក្នុងន័យនេះ, អង្គសន្និបាតស្នើសុំឱ្យបង្កើតជាប្រព័ន្ធ Hotline សម្រាប់ទទួលបណ្តឹងរបស់ទេសចរ លើករណីមិនប្រក្រតីតាមច្រកព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ។ ដោយឡែក ក្រសួងទេសចរណ៍ នឹងជំរុញការរៀបចំវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ចទេសចរណ៍ នៅតាមច្រកព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ទូទាំងប្រទេសបន្ថែមទៀត។
អង្គសន្និបាត ក៏បានលើកឡើងពីសមត្ថភាពប្រកួតប្រជែង នៃវិស័យទេសចរណ៍កម្ពុជា ក្នុងភូមិសាស្ត្រតំបន់ពាក់ព័ន្ធនឹងភាពទាក់ទាញ និងតម្លៃខ្ពស់ នៃកញ្ចប់ទស្សនកិច្ចទេសចរណ៍ មកកម្ពុជា ធៀបនឹងប្រទេសជិតខាង ដែលមកពីកត្តាសត្យានុម័ត មួយចំនួនរួមមាន៖
* ការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជានៅមានកម្រិត, សំបុត្រយន្តហោះមកកម្ពុជាមានតម្លៃខ្ពស់ ឬការតភ្ជាប់ជើងហោះហើរបន្តមកកម្ពុជា ពីប្រទេសជិតខាងមានតម្លៃខ្ពស់។
រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក៏សូមគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលកន្លងមកបានសម្រួល កម្រៃសិទ្ធិហោះហើរតែម្ខាង ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការ ជើងហោះហើរអន្តរជាតិ ចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ។
លើសពីនោះទៀត ព្រមទាំងបានកាត់បន្ថយកម្រៃសេវានាំផ្លូវ សុំសម្រាប់ការចុះចតចំនួន៥០% ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរ ក្នុងស្រុក និងអន្តរជាតិនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រាប់រដូវកាលបៃតង។ នេះជាការបញ្ជាក់បន្ថែម របស់រដ្ឋមន្ដ្រីក្រសួងទេសចរណ៍។
ដោយឡែក អង្គសន្និបាត ស្នើសុំរាជរដ្ឋាភិបាលពិចារណាបន្ថែមទៀត ចំពោះលទ្ធភាពសម្របសម្រួលបញ្ចុះថ្លៃចុះចត នៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងពីរបស់កម្ពុជា។
បន្ថែមលើនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងវិស័យទេសចរណ៍ តាមរយៈអង្គសន្និបាតសម្តែងនូវក្តីកង្វល់ជាខ្លាំង ចំពោះភាពយឺតយ៉ាវ នៃការដាក់ចេញតារាងតម្លៃ (Price Quotation) របស់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងដាក់ដំណើរការអំឡុង ខែកក្កដា ឆ្នាំ២០២៥ នាពេលខាងមុខ៕