(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានថ្លែងប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្ដថែរក្សាពូនជ្រុំ និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីអភិវឌ្ឍ និងលើកកម្ពស់ វិស័យទេសចរណ៍ ឆ្ពោះទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់។
ការលើកឡើរបស់លោក ហួត ហាក់ ធ្វើឡើងក្នុងកម្មវិធី បិទសន្ដិបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ហួត ហាក់ បានថ្លែងឲ្យដឹងថា «ខ្ញុំបាទក៏សូមយកឱកាសនេះ គោរពអរគុណ និងដឹងគុណជូន ចំពោះអតីតរដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍ទាំងអស់ ដែលបានបន្សល់ទុក នូវសមិទ្ធផលដ៏ប្រពៃថ្លៃថ្លាជាច្រើន ដល់យើងខ្ញុំជាអ្នកបន្តវេន ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលដែលមានស្រាប់ ខ្ញុំបាទព្រមជាមួយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រី កិច្ចសន្យាចំនួន១១៧៦នាក់ ប្តេជ្ញាបន្តថែរក្សាពូនជ្រុំ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍនិងលើកកម្ពស់វិស័យទេសចរណ៍ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាពលរដ្ឋកម្ពុជា សំដៅប្រែក្លាយប្រទសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីសូមសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតគោរព ជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អរគុណសន្តិភាព មានសន្តិភាពទើបមានអ្វីៗទាំងអស់ ក្រោមម្លប់សន្តិភាពដ៏ពេញលេញនេះហើយ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាព្រះរាជា ណាចក្រអច្ឆរិយៈរបស់យើង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាព និងជាចន្ទល់សេដ្ឋកិច្ចដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, បង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦.៧ លាននាក់កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិប្រមាណ ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបនឹងឆ្នាំ២០២៣។
វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចជាតិក្នុងនោះ ឆ្នាំ២០២៣ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣ ០៨៣លានដុល្លារ, ឆ្នាំ២០២៤ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣ ៦៣៧លានដុល្លារ ដោយរួមចំណែកប្រមាណ៩.៤% នៃផលិតផលក្នុងស្រុកសរុប ហើយតាមការព្យាករណ៍ក្នុងឆ្នាំ២០២៥ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៥ ១០០លានដុល្លារអាម៉េរិក ដោយរួមចំណែកប្រមាណ១០.៥% នៃ ផលិតផលក្នុងស្រុកសរុប៕