(ភ្នំពេញ)៖ ប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល «សាសនាឥស្លាម និងព្រះពុទ្ធសាសនា» ដែលរៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម។ ព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ គឺជាកិច្ចសន្ទនាអន្តរជំនឿលើកដំបូង ដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធនេះ ដោយសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានជ្រើសរើសប្រទេសកម្ពុជា នៃទឹកដីដ៏មានសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ ធ្វើជាទីកន្លែងសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់ជាសាកលនេះ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយដូចតទៅនេះ៖
ប្រទេសកម្ពុជា ដែលជាប្រទេសមួយសម្បូរទៅដោយភាពចម្រុះនៃវប្បធម៌ និងសាសនា បានក្លាយជាតំណាងនៃភាពសុខដុមរមនា និងការអត់ឱន និងដែលប្រទេសនានា កំពុងរៀនសូត្រយកធ្វើជាគំរូក្នុងការចង់ដឹងថា, តើកម្ពុជាបានធ្វើអ្វីខ្លះ? ទើបញ៉ាំងឱ្យវិស័យសាសនាចម្រុះក្នុងប្រទេស ជាពិសេសវិស័យសាសនាឥស្លាម ដែលមិនត្រឹមតែជាផ្នែកមួយនៃការទ្រទ្រង់ដល់សន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែនៅបានចូលរួមដល់ការអភិវឌ្ឍថែមទៀត។
តាមពិតចំណុចស្នូលនៃសមិទ្ធផលគន្លឹះនេះគឺ «គណបក្សប្រជាជនកម្ពុជា» ដែលកាន់អំណាចក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលតែងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញសន្តិភាព និងសុខដុមរមនាខាងសាសនា និងក៏ជាគណបក្សដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំទិដ្ឋភាពរួមរបស់ប្រទេសជាតិថែមទៀត។ ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពេលអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាមនិងពុទ្ធសាសនា» រៀបចំដោយអង្គការកិច្ចសហប្រតិបត្តិការឥស្លាម នៅថ្ងៃទី២៧ ខែកុម្ភៈ ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាតថភាពប្រវត្តិសាស្ត្រ, ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច»។
ការប្រកាន់ខ្ជាប់នូវមាគ៌ាសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសនាបច្ចុប្បន្ននេះហើយ ទើបកិច្ចប្រជុំកំពូលឥស្លាម ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ប្រវត្តិសាស្ត្រ និងជាកិច្ចសន្ទនាអន្តរជំនឿលើកដំបូង ដែលមិនធ្លាប់មានកាលពីមុនមកនោះ បានប្រព្រឹត្តទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ក្រោមប្រធានបទ «ឥស្លាមនិងពុទ្ធសាសនា»។
*សន្តិភាពនៃនយោបាយឈ្នះឈ្នះ បានផ្តល់ទំនុកចិត្តអង្គការ Organization Of Islamic Coopertion OIC
កិច្ចប្រជុំកំពូល «សាសនាឥស្លាម និងព្រះពុទ្ធសាសនា» ដែលរៀបចំនៅលើទឹកដីកម្ពុជានេះ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយ ដែលដំណើរការប្រព្រឹត្តទៅនៃអង្គការឥស្លាមពិភពលោកនេះ កំពុងបង្ហាញប្រាប់ពិភពលោក និងបណ្តាទេសចរណ៍បរទេសឱ្យឃើញកាន់តែច្បាស់ថា ម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ពិតជាគំរូនៃភាពសុខដុមផ្នែកសាសនា ស្ថិតនៅលើទឹកដីកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាច់ចង្កូតដឹកនាំប្រទេសបច្ចុប្បន្ន។ ព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ មិនអាចចេះតែធ្វើទៅបាននៅក្នុងប្រទេស ដែលគ្មានទំនុកចិត្តពីអង្គការសហប្រតិបត្តិការឥស្លាមរបស់ពិភពលោកនេះឡើយ។
កិច្ចប្រជុំកំពូលនេះ បានអញ្ជើញចូលរួមពីសមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាម មកពីបណ្ដារដ្ឋ និងប្រទេសចំនួន៥៧ ដែលជាសមាជិក នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងប្រទេសនានាលើសកលលោក ដែលសុទ្ធតែបានទទួលស្គាល់ថា កម្ពុជាគឺជាប្រទេសគំរូមួយក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និងទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាពជំនឿសាសនា របស់ប្រជាពលរដ្ឋទូទៅ បូករួមទាំងពលរដ្ឋជាសាសនិកឥស្លាម។
សម្តេចបវរធិបតី បានថ្លែងថា ការយកចិត្តទុកដាក់ទៅលើពលរដ្ឋជាសាសនិកឥស្លាម គឺមានប្រវត្តិកាលតាំងពីដើមរៀងមក៖ «ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ បានផ្តល់ការសណ្ដោសប្រណីដល់សហគមន៍ចាម ដែលជាជនភៀសខ្លួន ដោយសារសង្គ្រាម បានមករស់នៅលើទឹកដីកម្ពុជា, បានរាជានុញ្ញាតដល់ជនជាតិចាម, ចូលរួមប្រយុទ្ធការពារទឹកដីកម្ពុជា ក្នុងសម័យអាណានិគមនិយមបារាំង និងបានប្រទាននាមដល់បងប្អូនជនជាតិភាគតិចាមថាជា «ខ្មែរឥស្លាម» នៅក្រោយទទួលបានឯករាជ្យពីបារាំង នាឆ្នាំ១៩៥៣ ដោយព្រះរាជតម្រិះ សព្វព្រះរាជហឫទ័យរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ក្នុងគោលបំណងចង់ឱ្យក្រុមជាតិភាគតិចាម បានក្លាយជាពលរដ្ឋខ្មែរ, កាន់សាសនាឥស្លាមដោយស្របច្បាប់ និងក្លាយជាខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុកនូវអត្តសញ្ញាណដើមរបស់ពួកគេផងដែរ»។
រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា បានចែងអំពីសេរីភាពនៃជំនឿ និងការគោរពប្រណិប័តន៍សាសនា ដោយធានាថា បុគ្គលម្នាក់ៗអាចអនុវត្តជំនឿរបស់ពួកគេដោយគ្មានការជ្រៀតជ្រែក ប្រសិនបើមិនប៉ះពាល់ដល់ជំនឿរបស់អ្នកដទៃ។ មូលដ្ឋានគ្រឹះនៃផ្នែកច្បាប់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចនៅក្នុងការលើកកម្ពស់សេរីភាពសាសនា ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។
សាសនាឥស្លាម គឺជាសាសនាធំមួយលើសកលលោក ដែលមានអ្នកប្រណិបតន៍ជិត ២ពាន់លាននាក់ ដែលស្មើនឹងប្រមាណ២៥% នៅលើសកលលោក។ បើទោះបីជាសាសនាឥស្លាមនេះ គឺជាសាសនាដែលមានទ្រឹស្តីសង្កត់ធ្ងន់លើសន្តិភាព ក្តីមេត្តានិងការរួមរស់ដោយសុខដុមរមនា យ៉ាងណាក៏ដោយ បញ្ហាចំពោះការអនុវត្តដើម្បីភាពសុខដុមរមនានៅតែមានភាពប្រឈមនៅតាមប្រទេសមួយចំនួន។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយ ដែលពង្រឹងភាពសុខដុមផ្នែកសាសនា។ ជាឧទាហរណ៍ សិស្សមូស្លីមត្រូវបានអនុញ្ញាតឱ្យស្លៀកសំលៀកបំពាក់ប្រពៃណីនៅក្នុងស្ថាប័នអប់រំ ហើយបន្ទប់អធិស្ឋានត្រូវបានបង្កើតឡើងនៅកន្លែងសាធារណៈ ដើម្បីបំពេញតម្រូវការរបស់សហគមន៍ជំនឿផ្សេងៗ។ វិធានការទាំងនេះឆ្លុះបញ្ចាំងពីការគោរពរបស់រដ្ឋាភិបាលចំពោះការអនុវត្តសាសនា និងវិធីសាស្រ្តសកម្មក្នុងការរួមបញ្ចូល។ សម្តេចធិបតី បានគូសបញ្ជាក់ថា រដ្ឋាភិបាលផ្តល់សេរីភាពដល់ប្រជាពលរដ្ឋទាំងអស់ក្នុងការប្រតិបត្តិសាសនាតាមជម្រើសរបស់ពួកគេដោយមិនភ័យខ្លាចការរើសអើង ជំរុញបរិយាកាសដែលភាពចម្រុះសាសនារីកចម្រើន៖
«កម្ពុជាមានកន្លែងថ្វាយបង្គំនៅតាមព្រលានយន្តហោះ មន្ទីរពេទ្យរដ្ឋ រោងចក្រ សណ្ឋាគារ និងផ្សារធំៗមួយចំនួន ជាពិសេសនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។ លក្ខណៈពិសេសមួយទៀតនៅកម្ពុជា គឺនៅពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតជាសាកលបណ្ដាប្រទេសជាច្រើនបានតម្រូវឱ្យបូជាសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ រួមទាំងសពបងប្អូនឥស្លាម។ ប៉ុន្តែសម្រាប់កម្ពុជា ដោយសារមានសំណូមពរពីថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាម ដើម្បីអនុវត្តស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាម, ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលនោះ បានអនុញ្ញាតលើកលែងការបូជាសពដល់បងប្អូនខ្មែរឥស្លាម ហើយអនុវត្តតាមប្រពៃណី»។
*ប្រវត្តិនៃដើមចម ដែលបង្កភាពបែកបាក់សាសនានៅកម្ពុជា
ភាពចម្រុះនៃសាសនានៅកម្ពុជា មានឫសគល់ប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ។ ជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាច្រើនជាងគេ ប្រទេសកម្ពុជាក៏មានសហគមន៍ឥស្លាម និងគ្រិស្តសាសនិកដ៏រស់រវើក រួមជាមួយនឹងសេរីភាពប្រណិបតន៍នៃជំនឿទាំងឡាយរបស់សហគមន៍ជនជាតិដើមភាគតិច។ ប៉ុន្តែសេរីភាពនៃជំនឿ និងការអនុវត្តប្រណិបតន៍លើវិស័យសាសនា ត្រូវបានកាត់បន្ថយបន្តិចម្តងៗ ចាប់តាំងពីកម្ពុជាបានធ្លាក់ចូលក្នុងការបញ្ឆេះសង្គ្រាមស៊ីវិលថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ តាមរយៈរដ្ឋប្រហាររបស់អតីតសេនាប្រមុខលោក លន់ នល់ និងបរិវាដែលបានបង្កើតនូវរបបសាធារណរដ្ឋខ្មែរ។ ការនាំប្រទេសធ្លាក់ចូលក្នុងសង្គ្រាមនោះហើយ បានធ្វើឱ្យសេរីភាពនៃជំនឿនិងកិច្ចប្រណិបតន៍លើជំនឿសាសនា បានបាត់បង់បន្តិចម្តងៗ និងបានរលាយសាបសូន្យអស់ទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាលថាជារបបដឹកនាំខ្មែរក្រហមរវាងពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ មករា ឆ្នាំ១៩៧៩។
មិនថាព្រះវិហារនៃសាសនាគ្រឹស្ត ឬសាសនាឥស្លាមនោះទេ, ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ, ព្រះសង្ឃ អ្នកបួសទាំងឡាយ ត្រូវបានចាប់ផ្សឹក, វត្តអារាមបានក្លាយ ជាគុកឥតជញ្ជាំងឃុំឃាំងអ្នកទោស ឬ ជាកន្លែងធ្វើជីលាមក និងជាទីប្រព្រឹត្តបាបកម្ម នៃកន្លែងសាកសួរចម្លើយ និងជាទីកន្លែងសម្លាប់ជនសង្ស័យណា ឬអ្នកទោសណា ដែលអង្គការស្លៀកខោអាវខ្មៅ ចោទថាជាអ្នកប្រឆាំងចលនាបដិវត្តន៍ ឬជាគិញសម្ងាត់ កាហ្សេបេ (KGB) និង CIA របស់បរទេសជាដើម។
រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមការដឹកនាំនៃរបបកាប់សម្លាប់ខ្មែរក្រហម (ប៉ុលពត) វិស័យសាសនា បានរលាយអស់ទាំងស្រុង ប៉ុន្តែក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិ នៃកម្លាំងស្នូលរបស់គណបក្សប្រជាជនកម្ពុជា ដែលសហការជាមួយនឹងកងកម្លាំងស្ម័គ្រចិត្តវៀតណាម វិស័យសាសនាទាំងឡាយ បានរស់ឡើងវិញ ក្រោមថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ នោះហើយ ដែលពលរដ្ឋខ្មែរ បានចាត់ទុកជាថ្ងៃកំណើតទី២របស់ខ្លួន ដែលមិនអាចបំភ្លេចបានឡើយ ប៉ុន្តែក្រុមជ្រុលនិយមមួយក្តាប់តូចរស់នៅក្រៅប្រទេស ដោយសារតែមហិច្ឆតានយោបាយ បានព្យាយាមឃោសនាចង់បំភ្លៃប្រវត្តិសាស្ត្រជាតិ។
សម្តេចបវរធិបតី បានថ្លែងបង្ហាញថា នៅគ្រាដែលទិវា «៧មករា» ដែលសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរ និងធ្វើឱ្យជំនឿសាសនា បានរស់ឡើងវិញនោះ គឺមានតែក្រុមជ្រុលនិយមមួយក្តាប់តូច តែប៉ុណ្ណោះ ដែលធ្វើវិទ្ធង្សនាប្រឆាំង៖
«ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយរបស់ខ្លួនបានបរិហារដោយបំពានលើតថភាព ប្រវត្តិសាស្ត្រ និងគុណតម្លៃ មិនអាចកាត់ថ្លៃបាននៃថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស បូករួមទាំងបងប្អូនខ្មែរឥស្លាមផងដែរ។ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង លើក្រុមធ្វើនយោបាយប្រឆាំងជ្រុលនិយមមួយចំនួន ដែលបន្តបដិសេធព្រឹត្តិការណ៍សម្លាប់រង្គាលនេះ, រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្ទាន់តាមរយៈការបង្កើតច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម»។
ចាប់តាំងពីឆ្នាំ១៩៧៩មក គណបក្សប្រជាជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសុខដុមរមនាខាងសាសនា។ គណបក្សបានប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពខាងសាសនា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងបានធ្វើការគ្រប់ទាំងឡាយដើម្បីបង្កើតបរិយាកាសរួមបញ្ចូលសម្រាប់គ្រប់ជំនឿទាំងអស់នៃវិស័យសាសនា។
បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងក្លាយជាប្រទេសគម្រូនៃការធ្វើឱ្យវិស័យសាសនាទាំងឡាយបានរស់ឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ព្រះសង្ឃពុទ្ធសាសនា អ្នកបួសសាសនាអ៊ីស្លាម និងអ្នកបួសសាសនាគ្រឹស្ត ត្រូវបានគេឃើញចូលរួមនៅក្នុងពិធីជាតិរួមគ្នា ធ្វើជាគំរូដល់ការរួបរួមក្នុងភាពចម្រុះមួយ ជាក់ស្តែងកិច្ចប្រជុំកំពូល «សាសនាឥស្លាម និងព្រះពុទ្ធសាសនា» ដែលរៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម ដោយមានការចូលរួមពីសមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាមមកពីបណ្ដារដ្ឋ និងប្រទេស ចំនួន៥៧ កំពុងមានវត្តមានលើទឹកដីកម្ពុជានាពេលនេះ។
ដូច្នេះ គេមិនអាចបដិសេធបានឡើយ នូវតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ដែលមិនត្រឹមតែធ្វើឱ្យវិស័យសាសនា បានរស់ឡើងវិញនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ, គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច គឺជាខែលការពារដ៏រឹងមាំ នៃសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ ដែលប្រទេសកម្ពុជា មិនអាចខ្វះបានឡើយដើម្បី ការដឹកនាំប្រទេសឈានទៅរកសុភមង្គល និងភាពកាន់តែសម្បូររុងរឿង៕