(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងពីស្ថានភាពទេសចរណ៍ និងការវិភាគផលសេដ្ឋកិច្ចនៃវិស័យទេសចរណ៍ ដោយបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦.៧ លាននាក់កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិប្រមាណ ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបនឹងឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបន្ថែមថា វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចជាតិក្នុងនោះ ឆ្នាំ២០២៣ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣ ០៨៣លានដុល្លារ, ឆ្នាំ២០២៤ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣ ៦៣៧លានដុល្លារ ដោយរួមចំណែកប្រមាណ៩.៤% នៃផលិតផលក្នុងស្រុកសរុប ហើយតាមការព្យាករណ៍ក្នុងឆ្នាំ២០២៥ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៥ ១០០លានដុល្លារអាម៉េរិក ដោយរួមចំណែកប្រមាណ១០.៥% នៃ ផលិតផលក្នុងស្រុកសរុប។

ការលើកឡើងរបស់លោក ហួត ហាក់ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានលើកឡើងថា តាមរយៈការជំរុញការអនុវត្តផែនការមេ អភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប, ខេត្តមណ្ឌលគិរី, ខេត្តកែប, ផែនការអភិវឌ្ឍទេសចរណ៍នៅថ្នាក់ក្រោមជាតិ និងផែនការអភិវឌ្ឍន៍ ទេសចរណ៍មូស្លីម, ក្រសួងទេសចរណ៍ ក៏បាននឹងកំពុងរៀបចំកសាងផែនការយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍ទេសចរណ៍, សេចក្តីព្រាងគោលនយោបាយទេសចរណ៍ពិសិដ្ឋ ដែលមានគោលដៅ លើកកម្ពស់ភាពប្រកួតប្រជែង ភាពធន់ និរន្តភាព និងបរិយាបន្ន។

លោករដ្ឋមន្ត្រីបន្ថែមទៀតថា ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និងដើម្បីរក្សាឧត្តមភាពប្រកួតប្រជែង និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, ផ្តល់ភាពកក់ក្តៅ, ស្អាត, វៃឆ្លាត និងបៃតង ដោយរក្សាភាពជាខ្មែរ៖ ការងារអាទិភាពមួយចំនួន ដែលក្រសួងដាក់ចេញនាពេលខាងមុខរួមមាន៖
១៖ ការទាញប្រយោជន៍ឱ្យអស់សក្តានុពល ពីគោលដៅទេសចរណ៍ដែលមានស្រាប់ដោយ ឈរលើគោលការណ៍អភិរក្ស, អភិវឌ្ឍ និងរក្សាចីរភាព។
២៖ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍ ព្រមទាំងការ បើកចំហរទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
៣៖ ការពង្រឹងការផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា និងប្រឆាំងព័ត៌មានក្លែងក្លាយ។
៤៖ ការពង្រឹងគុណភាពអាជីវកម្ម សេវាកម្មទេសចរណ៍។
៥៖ ការពង្រឹងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ (សសរស្តម្ភនៃកិច្ចសហការទាំង៦)។
៦៖ ការកសាងលិខិតបទដ្ឋានគតិយុត្ត សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។
៧៖ ការពង្រឹងស្ថាប័ន និងអភិវឌ្ឍមូលធនមនុស្ស នៅក្នុងវិស័យទេសចរណ៍។
៨៖ ការពង្រឹងបរិវត្តកម្មឌីជីថល ក្នុងវិស័យទេសចរណ៍៕