(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ៦,៧០០នាក់ បានដាក់ពាក្យស្នើសុំដីធ្លីពីរាជរដ្ឋាភិបាល ក្រោយការដាក់ចេញនូវគោលនយោបាយផ្ដល់ដីជូនប្រជាពលរដ្ឋដែលគ្មានដីយ៉ាងពិតប្រាកដ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» រៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា បានអះអាងថា គោលនយោបាយដីធ្លី ចីរភាពបរិស្ថាន និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីឲ្យពលរដ្ឋគ្រប់រូបមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនស្របច្បាប់ និងបញ្ចប់ការទៅទន្ទ្រានដីដោយខុសច្បាប់។
បើតាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ, គោលនយោបាយនេះ មានផលប្រយោជន៍ច្រើនយ៉ាងទន្ទឹមគ្នា គឺការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដផង, ការលុបបំបាត់ភាពអនាធិបតេយ្យ នៃការទន្ទ្រានយកដីព្រៃរបស់រដ្ឋ, រួមគ្នាការពារធនធានធម្មជាតិ និងបរិស្ថានផង និងការអភិវឌ្ឍសហគមន៍ប្រជាពលរដ្ឋផង។
លោក ប៉ែន បូណា បានថ្លែងយ៉ាងដូច្នេះថា «យោងតាមព័ត៌មាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំ និងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព គឺមានប្រជាពលរដ្ឋជាង ៦៧០០នាក់ហើយបានចុះឈ្មោះដើម្បីស្នើសុំទទួលដីសម្បទាន មកពី២៣រាជធានី-ខេត្តនៅទូទាំងប្រទេស ហើយកំពុងបន្ដដំណើរការ»។
ពាក់ព័ន្ធបញ្ហាកម្មសិទ្ធិដីធ្លីនេះ លោក ប៉ែន បូណា ក៏បានគូសរំលេចអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ពោលចាប់តាំងពីឆ្នាំ១៩៨៩ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានចាប់ផ្តើមនយោបាយកំណែទម្រង់ដីធ្លី តាមរយៈការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
លោកបន្ដថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បន្តធ្វើកំណែទម្រង់ដីធ្លីយ៉ាងសកម្ម តាមរយៈការវាស់ដីចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលការងារនេះនឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។
កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព គឺជាគោលនយោបាយដីធ្លីចុងក្រោយមួយទៀតសំដៅធានាថា ពលរដ្ឋខ្មែរគ្រប់រូបត្រូវមានកម្មសិទ្ធិដីធ្លីស្របច្បាប់ និងប្រកបដោយសុវត្ថិភាព៕