(ក្រចេះ)៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP-PIU1) ក្រោមក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយផលិតផលឥណទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសាវតា និងបច្ចុប្បន្នភាពនៃគម្រោង ACSEP ជាពិសេសគោលនយោបាយឥណទាន បែបបទ និង នីតិវិធីក្នុងការរៀបចំស្នើសុំឥណទាននៃគម្រោង ACSEP ដែលជាឥណទានមានលក្ខខណ្ឌអនុគ្រោះដល់សហគ្រាសផលិត កែច្នៃ និងប្រមូលទិញស្វាយចន្ទី ក៏ដូចជាផលិតកម្មមួយចំនួន រួមមាន៖ ដំឡូងមី ផ្លែស្វាយ និងបន្លែ ព្រមទាំង កសិករចិញ្ចឹមមាន់ ដែលមានបំណងស្វែងរកទុនគាំទ្រ និងពង្រីកផែនការអាជីវកម្មរបស់ខ្លួន។
កម្មវិធីនេះមានការចូលរួមដោយសមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP-PIU1 នាយករងរដ្ឋបាលខេត្តក្រចេះ អភិបាលរងខេត្តស្ទឹងត្រែង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា៕