(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិនៃកម្ពុជា បានលើកឡើងឲ្យដឹងថា ទោះបីជាមានការប្រែប្រួល នៃសភាពការណ៍យ៉ាងណាក៏ដោយ ក៏មិនមាន ផលប៉ះពាល់ ដល់ទំនាក់ទំនង កងទ័ពនិងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាមិត្តជិតខាងល្អ ជាពិសេស ការកំណត់នូវទស្សនគោលនយោបាយការពារជាតិ និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម កាន់តែត្រូវបានពង្រឹងពង្រីក និងបង្កើននូវជំនឿជឿជាក់ដ៏ស៊ីជម្រៅថែមទៀត។លោក នាង ផាតបន្តថា កម្ពុជា និងវៀតណាម បើទោះបីជាមានផលប៉ះពាល់ អំពីការ ប្រែប្រួលនៅក្នុងយុទ្ធសាស្ត្រតំបន់ដែលបាននឹងកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស ជាពិសេសពាក់ព័ន្ធ ទៅនឹងវិស័យនយោបាយការពារជាតិ នៃប្រទេស ទាំងពីរ ដែលទាមទារឲ្យមានការបង្កើននូវជំនឿទុកចិត្ត លើគ្នាទីញទៅមកកាន់តែខ្លាំងក្លាថែទៀត ខណៈដែល ប្រទេស ទាំងពីរ ធ្លាប់មានទំនាក់ទំនង សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការជិតខាងល្អតាំងពីយូរលង់ ណាស់ មកហើយ ។
នាយឧត្តមសេនីយ៍ នាង ផាត លើកឡើងបែបនេះ ខណៈលោក និងគណប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិកម្ពុជា មួយចំនួនទៀត បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀង ជីវិញ អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស នៅទីក្រុង ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីពេលថ្មីៗ នេះ។
បន្ថែមពីលើនេះ នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងពីការពិនិត្យវាយតម្លៃទៅលើការវិវត្តន៍ នៃសភាពការណ៍ សកលលោក សភាពការណ៍តំបន់ និងសភាពការណ៍ជាតិ ដែលកំពុងវិវត្តន៍ថ្មីៗ ព្រមទាំងវាយតម្លៃពីផល ប៉ះពាល់ដែលបណ្តាលមកពីឥទ្ធិពលរបស់បណ្តាប្រទេសមហាអំណាចមកលើ សន្តិសុខ នយោបាយការពារជាតិ របស់បណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតម្រូវឲ្យបណ្តាប្រទេសទាំងនោះ ពិចារណា អំពីគោលនយោបាយរបស់ខ្លួន ដែលអាចដោះស្រាយបញ្ហាប្រឈម ជាយុទ្ធសាស្ត្រនៅក្នុងតំបន់ ក្នុងគោលដៅរួម គឺ ដើម្បីធានាបាននូវ សុខសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង សម្រាប់បណ្តាប្រទេសនីមួយៗនិងនៅក្នុងតំបន់ទាំងមូលផងដែរ។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯកបម្រុង ង្វៀង ជីវិញ អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការវាយតម្លៃ ចំពោះការវិវត្តន៍នៃ សភាពការណ៍សកលលោក និងតំបន់ ពាក់ព័ន្ធទៅនឹងនយោបាយការពារជាតិ ដែលនីមួយៗមានគោល ដៅអភិវឌ្ឍន៍រៀងៗខ្លួន។ដោយឡែកនៅក្នុងសភាពការណ៍ថ្មីៗនេះ វៀតណាមត្រូវតែម្ចាស់ការ ចំពោះការប្រែប្រួលដោយសន្តិវិធី នូវរាល់ដំណោះស្រាយ និងបញ្ហាប្រឈមនានា និងចាត់ទុកវេទិការអាស៊ាន ជាវេទិការ សំខាន់ ដើម្បីសន្ទនាជាមួយប្រទេសធំៗ ហើយនៅក្នុងអាស៊ានវៀតណាម ចាត់ទុក កម្ពុជា និងឡាវ ជាដៃគូរ សំខាន់ និងត្រូវរក្សា សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
យោងទៅតាមសំណើររបស់ភាគីកម្ពុជានៅក្នុងកិច្ចសន្ទនានេះផងដែរ ភាគីវៀតណាមបន្តជួយ ដល់ការ បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីរួមចំណែកក្នុងការកែទម្រង់ កងយោធពលខេមរភូមិន្ទបន្ត ជួយឧបត្ថម្ភ និងអនុវត្តន៍តាមពិធីសារ ស្តីពីកិច្ចសហប្រតិប្រតិ្តការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា វៀតណាម ។
ក្នុងកិច្ចសន្ទនានេះដែរ ភាគីទាំងពីរបានឯកភាពដល់ការពង្រឹង សហប្រតិបត្តិការតាមបណ្តាព្រំដែន អង្គភាព យោធភូមិភាគ ជាប់តំបន់ព្រំដែន។បន្តផ្លាស់ប្តូរទស្សនកិច្ចតាមបណ្តាជំនាញ និងអង្គភាពដែល ត្រូវផ្តល់បទពិសោធន៍ ការផ្តល់ព័ត៌មានទៅវិញទៅមក ។ សហការយកចិត្តទុកដាក់ដល់ការងារ អប់រំចិត្តសាស្ត្រ ក្នុងកង យោធពលខេមរភូមិន្ទ។ សហការបង្រៀននិងបំប៉នលើផ្នែកភាសាទៅវិញ ទៅមក ដោយនឹងរៀបចំកម្មវិធី ជាក់ស្តែងនាពេលខាងមុខ ព្រមទាំងពិភាក្សារៀបចំក្រុមសហការសង្គ្រោះតាមតំបន់ព្រំដែន ដែលនឹង ពិចារណារៀបចំកសាងដាក់បញ្ចូលក្នុងអនុស្សារណៈ និងពិធីសារប្រចាំ ឆ្នាំ ២០១៧ខាងមុខ។
ក្នុងកិច្ចសន្ទនាស្តីពីនយោបាយការពារជាតិ កម្ពុជា វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិលើកទី២ភាគី នាពេលនេះបានបញ្ចប់ប្រកបដោយជោគជ័យ ព្រមទាំងបានបង្ហាញនូវមនោសញ្ចេតនាយ៉ាងស្និត ស្នាលជា ទីបំផុត រវាងថ្នាក់ដឹកនាំកងទ័ព នៃប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិនៃកម្ពុជា គណប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិកម្ពុជា បានអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្កម និយម វៀតណាម តាមការអញ្ជើញ របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ដោយអនុវត្តន៍តាមផែនការ សហប្រតិបត្តិការ ឆ្នាំ២០១៦ រវាង ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណា រយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៦ នៅទីក្រុង ហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕