(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៥នេះ បានទម្លាក់ថវិកាពិសេសប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។

ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៦ ស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលតាមរយៈ ក្រសួងសុខាភិបាល បានធ្វើកំណែទម្រង់ ដើម្បីធ្វើឲ្យវិស័យសុខាភិបាលយើងមានគុណភាព ប្រសិទ្ធភាព […] ទម្លាក់ថវិកាពិសេសបន្ថែមជិត ២០លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥ និងឆ្នាំបន្ទាប់ដូចគ្នា ដើម្បីទិញថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ដែលជាជំងឺពេញនិយម កើតឡើងក្នុងប្រទេសកម្ពុជាយើង»

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា មូលហេតុដែលរដ្ឋាភិបាលធ្វើដូច្នេះគឺ ដើម្បីបើកថ្នាំជូនប្រជាពលរដ្ឋ ដោយពីមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បន្នអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល ១ខែ នៅកន្លែងខ្លះ នេះជាការកាត់បន្ថយការចំណាយ និងពេលវេលាសម្រាប់ប្រជាពលរដ្ឋ។

លោកគូសបញ្ជាក់ទៀតថា​ រាជរដ្ឋាភិបាលសម្រេចផ្ដល់ថវិកាជិត ២០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសមត្ថភាពវះកាត់ និងសង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ តាមរយៈការបំពាក់ឧបករណ៍សម្ភារៈ ដូចជាម៉ាស៊ីនវិភាគឈាម, វិភាគជីវៈគីមី, អ៊ិចសារ៉េ ផងដែរ។

ការវិនិយោគនេះ ដើម្បីកុំឲ្យពិបាកបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យខេត្ត ឬមកភ្នំពេញនាំឲ្យខាតពេល ខាតសោហ៊ុយ ជួនកាលអ្នកជំងឺធ្ងន់ត្រូវការសង្គ្រោះបន្ទាន់ គឺអាចធ្វើបាននៅមន្ទីរពេទ្យបង្អែកស្រុក។ ដូច្នេះ ចាំបាច់ណាស់ដែលត្រូវពង្រឹងមន្ទីរពេទ្យបង្អែកស្រុកជាបណ្តើរៗ សរុបមកប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ធំណាស់ពី គោលនយោបាយសុខាភិបាលរបស់រាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៕