(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា នៅក្នុងបរិបទនៃពិភពលោកមួយ ដែលមានស្ថានភាព កាន់តែផុយស្រួយ ស្មុគស្មាញ មិនជាក់លាក់ និងគ្រោះថ្នាក់ រាជរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសអ្វី ក្រៅពីបន្តអនុវត្តនយោបាយការបរទេសប្រកបដោយភាពបត់បែននោះឡើយ។

ការថ្លែងបែបនេះរបស់ លោករដ្ឋមន្រ្តីប្រតិភូ បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានលើកទី៦ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» នៅសាលសេរីភាព អគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក តាន់ ហ្សង់ហ្រង់ស័រ បានមានប្រសាសន៍បន្តថា «រាជរដ្ឋាភិបាលយើងគ្មានជម្រើសទេ, ត្រូវតែបន្តប្រឹងប្រែង ត្រូវតែបន្តដុតដៃដុតជើង ដើម្បីទាញយកពីទំនាក់ទំនងរវាងកម្ពុជានិងពិភពលោក នូវផលប្រយោជន៍ ច្រើនក្រាស់ក្រែលដូចដែលអាចធ្វើទៅបានមកជូនប្រជាជាតិខ្មែរយើង។ ហេតុអ្វី? ពីព្រោះ ដូចសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ធ្លាប់លើកឡើងជាញឹកញាប់ហើយថា សន្តិភាពសំខាន់សម្រាប់ការអភិវឌ្ឍ, ការអភិវឌ្ឍ សំខាន់សម្រាប់សន្តិភាព បានន័យជារួមថា សន្តិភាពនិងការអភិវឌ្ឍ ចិញ្ចឹមគ្នាទៅវិញទៅមក»។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តពង្រឹងសន្តិភាពដើម្បីបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយទន្ទឹមនេះ បន្តអភិវឌ្ឍប្រទេសដើម្បីបន្តរក្សាសន្តិភាពឱ្យនៅគង់វង្សយូរលង់ នៅក្នុងពិភពលោកមួយ ដែលមានស្ថានភាពកាន់តែផុយស្រួយ ស្មុគស្មាញ មិនជាក់លាក់ និងគ្រោះថ្នាក់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក តាន់ ហ្សង់ហ្រង់ស័រ។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍បន្ថែមថា៖ «ពិភពលោកនៅដើមឆ្នាំ២០២៥នេះ សឹងថាមានលក្ខណៈរញ៉េរញ៉ៃជាងឆ្នាំ២០២៤ ទៅទៀត។ ទាំងអស់គ្នាមើលឃើញរៀងៗខ្លួនហើយ, មើលឃើញភាពតានតឹងភូមិសាស្ត្រនយោបាយ, ការប្រកួតប្រជែងស្រួចស្រាល់ផ្នែកសេដ្ឋកិច្ច ជាមួយការផ្តើមលេចធ្លោឡើងនៃសង្គ្រាមពាណិជ្ជកម្ម, សឹកសង្គ្រាមនៅអឺរ៉ុប និងមជ្ឈិមបូព៌ា ព្រមទាំងជម្លោះប្រដាប់អាវុធនៅក្នុងបណ្តាប្រទេសជាច្រើនដូចជានៅភូមា, អស្ថិរភាពនយោបាយរ៉ាំរ៉ៃនៅទីនេះនិងទីនោះ ដូចជានៅស៊ីរី និង បាំងក្លាដេស ចុងក្រោយនេះ, ភាពខ្សោយទៅៗនៃស្ថាប័នពិភពលោកនានា, អនាធិបតេយ្យនិងភាពត្រដរខ្យល់នៃសណ្តាប់ធ្នាប់សកល ដែលតាំងពីចប់សង្គ្រាមលោកលើកទី២មកម៉្លេះ ដឹកនាំនិងគ្រប់គ្រងពិភពលោក។ ទាំងនេះ មិនទាន់និយាយដល់បញ្ហាសន្តិសុខមិនប្រពៃណីផងដូចជា បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាតថ្មីមួយទៀតជាយថាហេតុ ដូចកូវីដ១៩ កាលពីប៉ុន្មានឆ្នាំមុន បញ្ហាសន្តិសុខថាមពល ស្បៀងអាហារ ទឹកស្អាត ឬឧក្រឹតកម្មឆ្លងដែន។ល។និង។ល។»

លោកបន្តថា ក្នុងន័យនេះ អ្វីដែលនឹងប៉ះពាល់ពិភពលោក នឹងគង់តែប៉ះពាល់ តំបន់អាស៊ី-ប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ និងកម្ពុជានៅទីបំផុត។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត យល់ដឹងណាស់នូវភាពផុយស្រួយនៃស្ថានភាពសកល និងតំបន់។ ម៉្លោះហើយ ដើម្បីរៀបជើងព្រួល ត្រៀមលក្ខណៈ ឆ្លើយតបទៅនឹងស្ថានភាពមិនជាក់លាក់អស់ទាំងនេះនៃពិភពលោក តំបន់ និងទីតាំងភូមិសាស្ត្ររបស់កម្ពុជាយើង រាជរដ្ឋាភិបាលមិនត្រឹមតែត្រូវពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិយើងប៉ុណ្ណោះទេ តែត្រូវបន្តអនុវត្តនយោបាយ ការបរទេសមួយដែលមានភាពបត់បែនខ្ពស់។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក តាន់ ហ្សង់ហ្រ្វង់ស័រ។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដើម្បីអនុវត្តគោលនយោបាយការបរទេសដែលត្រូវបានកំណត់ដោយគណបក្សប្រជាជាជនកម្ពុជា រាជរដ្ឋាភិបាលរបស់សម្តេចបវរធិបតី បាននិងកំពុងបន្ត៖

- ការពារផលប្រយោជន៍ស្នូលរបស់កម្ពុជាយើង, ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពសង្គម, កាពារគំរូអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលឈរលើស្តង់ដារជាក់ស្តែងរបស់កម្ពុជា ហើយមិនអនុញ្ញាតឱ្យ មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពីសំណាក់បរទេសណាឡើយ

- អនុវត្តនយោបាយការបរទេសមួយ ដែលឈរលើមូលដ្ឋានឯករាជ្យ ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

- បន្តរពង្រឹងនិងពង្រីកទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជិតខាង, ជាមួយបណ្តាប្រទេសដៃគូ ទាំងក្នុងនិង ក្រៅតំបន់អាស៊ាន

- រួមចំណែកកាន់តែសកម្ម ក្នុងបុព្វហេតុបង្កើតការពារ រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងនៅគ្រប់ជ្រុងជ្រោយក្នុងពិភពលោក...៕