(កំពង់ធំ)៖ លោក សាយ គឹមឡម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទោង ណែនាំឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ខ្ពស់ ដល់ជីវភាពគ្រួសារ ដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ។

លោក សាយ គឹមឡម ពេលអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារ ដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យចំនួន៤គ្រួសារ នៅភូមិប្រឡាយនិងភូមិនាងសល្ងាច ក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់លើសុខុមាលភាពទូទៅ ជាពិសេសពេលពេលគាត់មានបញ្ហាសុខភាពត្រូវជួយណែនាំ ក្នុងការទៅថែរក្សាព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្ទោងដោយប្រើប័ណ្ណ ក្រីក្រ ឬសមធម៌ដែលព្យាបាលដោយឥតគិតថ្លៃ។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរភូមិ ឃុំ ត្រូវតែមានភាពប្រាកដប្រជា និងស្គាល់ពលរដ្ឋឱ្យច្បាស់ ជាពិសេសមិនត្រូវទុកពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ដោយអាជ្ញាធរ ពុំបានដឹងឬដេកឈឺស្លាប់ដោយពុំយកទៅព្យាបាលនៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដោយអាជ្ញាធរមិនដឹងឬ មិនបានជួយសង្គ្រោះនោះឡើយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤គ្រួសារដែលមានជីភាពខ្វះខាត។ ក្នុង១គ្រួសារៗទទួលបាននូវ៖ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ០១យួរផងដែរ៕