(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងថា កងទ័ពត្រូវតែស្មោះត្រង់ ដាច់ខាតចំពោះបុព្វហេតុជាតិ និងប្រជាជន នឹងត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់មេបញ្ជាការ តាមឋានានុក្រមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន។

ប្រសាសន៍នេះត្រូវបានលើកឡើងនៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយបទបញ្ជារបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្ដីពីវិធានការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅ​កោះ​ក្របី បឹងទន្លេសាប​ ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍ និងលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់អស់រយៈពេលជិតមួយខែកន្លងទៅនេះ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី នៅឃុំផាត់សណ្តាយ ក្នុងការបំពេញភារកិច្ចទទួលបានលទ្ធផលជោគជ័យតាមបទបញ្ជារបស់ថ្នាក់លើបានប្រគល់ជូន ដោយបានកម្ទេចរបាំងសាច់អួនខុសច្បាប់ធ្ងន់ធ្ងរជាង ២៥,០០០ម៉ែត្រ សហការចាប់ឃាត់ខ្លួនជនល្មើសនេសាទ ឆក់ត្រជាក់ បានចំនួនពីរនាក់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមច្ឆ:ជាតិ ដោយសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះ កងកម្លាំងអន្តរាគមន៍ទាំងអស់ ដែលបានសហការល្អជាមួយកងកម្លាំងចម្រុះការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិរបស់ខេត្តកំពង់ធំ ដែលប្រចាំការនៅឃុំផាត់ សណ្ដាយ ព្រមទាំងអាជ្ញាធរដែនដី ក្នុងការបំពេញភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ រួមជាមួយអភិបាលខេត្តកំពង់ធំបានប្រគល់ជូន។

លោកបានផ្សព្វផ្សាយបទបញ្ជារបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្ដីពីការការអនុវត្តន៍នូវវិធានការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសបទល្មើសនេសាទ ដែលកន្លងមកមានការកើតឡើងយ៉ាង អនាធិបតេយ្យនៅក្នុងតំបន់បឹងទន្លេសាបឱ្យមានប្រសិទ្ធភាព មិនឱ្យមានការកើតឡើងជាថ្មីនៅបទល្មើសនេសាទខុសច្បាប់នេះតទៅទៀត ដើម្បីរក្សាធនធានមច្ឆៈជាតិ សម្រាប់កូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូន ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ក្នុងការធ្វើសកម្មភាព និងស្បៀងអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ជូនដល់កងកម្លាំងអន្តរាគមន៍ ដើម្បីធានាក្នុងការបន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដោយគ្មានការដកថយឡើយ៕