(កំពត)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលៈវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិព្រៃត្នោត ឃុំកំពង់ក្រែង និងភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ។

នាឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងមនសិកាស្នេហាជាតិមាតុភូមិ និងការស្រលាញ់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយក ចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី និងបានជំរុញការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិ តាមរយៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានបង្កើតយុទ្ធនាការចុះវាស់វែងដីធ្លី ចេញបណ្ណកម្មសិទ្ធិតាមបទបញ្ជាលេខ ០១បបជាដើម។

ដោយឡែកថ្ងៃនេះ អាជ្ញាធរខេត្ត រួមនិងមន្ទីរជំនាញបានរៀបចំធ្វើពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលៈវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ស្ថិតក្នុងភូមិដូនស៊យ ឃុំថ្មី និងភូមិព្រៃត្នោត ឃុំកំពង់ក្រែង ស្រុកទឹកឈូ ដែលមានក្បាលដីសរុបចំនួន ១,០១៥ក្បាលដីស្មើនឹង ៦៤៥គ្រួសារ និងប្រកាស់បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលនេះបានបង្ហាញឱ្យឃើញពីការគិតគូពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការដឹកនាំគាំទ្រចង្អុលបង្ហាញដោយផ្ទាល់របស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ធនិន អភិបាល ខេត្តកំពត ក្រុមការងារចុះបញ្ជីដីធ្លីរបស់មន្ទីរបានពន្លឿនការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលា និងស្របតាមផែនការដែលបានគ្រោងទុក ដើម្បីឈានទៅសម្រេចបាន នូវគោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។

លោកប្រធានមន្ទីរ បានបន្តថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងថ្ងៃនេះ ភូមិព្រៃត្នោត ឃុំកំពង់ក្រែង ស្រុកទឹកឈូ មានក្បាលដីសរុបចំនួន ៦៤៦ក្បាលដី ស្មើនឹង ៤៣៣គ្រួសារ និងភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ មានក្បាលដី សរុបចំនួន ៣៦៩ក្បាលដី ស្មើនឹង ២១៦គ្រួសារ ដែលសរុបទាំងពីរភូមិនេះ មានក្បាលដីចំនួន ១,០១៥ក្បាលដី ស្មើនឹង ៦៤៩គ្រួសារ។

ចំពោះពលរដ្ឋ បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជំរុញឱ្យមានការចេញបណ្ណកម្មសិទ្ធិ ជូនពួកគាត់បានលឿន និងឆាប់រហ័ស។

ប្រជាពលរដ្ឋ រស់នៅក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ ដែលមកទទួលយកបណ្ណកម្មសិទ្ធិ បានលើកឡើងថា បណ្ណកម្មសិទ្ធី (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលៈវត្ថុ) ពិតជាមានតម្លៃណាស់សម្រាប់ពួកគាត់ ដែលអាចឱ្យពួកគាត់យកទៅ ប្រើប្រាស់ ធ្វើជាដើមទុនក្នុងការរកស៊ីទទួលទាន និងបង្កើតមុខរបរបន្ថែម ហើយមិនតែប៉ុណ្ណោះ បណ្ណកម្មសិទ្ធិនេះក៏បានធ្វើឱ្យជម្លោះដីធ្លី ត្រូវបានកាត់បន្ថយផងដែរ៕