(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើឯកសារគម្រោងស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នៅកម្ពុជា។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

នាឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា បរិមាណសំណល់ប្លាស្ទិក ដែលកំពុងកើនឡើងច្រើន និងកំពុងបន្ថែមសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបរិស្ថានរបស់យើង។ ដូច្នេះ យើងចាំបាច់ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវនេះ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា និងជំរុញឱ្យកម្ពុជាមានភាពស្អាត។

រដ្ឋមន្រ្តីបានថ្លែងថា ដើម្បីកម្ពុជាស្អាត បន្ទាប់មកពីចំនួនថង់ប្លាស្ទិក ត្រូវបានមើលឃើញមានការបោះចោល និងមានការប្រើប្រាស់ច្រើន នាពេលកន្លងមកក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិក ប្រើប្រាស់ឡើងវិញ កែច្នៃ និងទាញយកជាថាមពលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោកបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះគម្រោង ដែលបានចុះហត្ថលេខារួមគ្នានាពេលនេះ ដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែក ដល់ភាពស្អាត នៅក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជាពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងបោះចោល។

លោករដ្ឋមន្រ្តីបានណែនាំឱ្យពង្រឹងការអប់រំបរិស្ថាន តាមរយៈយុទ្ធនាការរបស់ក្រសួងបន្តទៀត នៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងសហគមន៍មូលដ្ឋាន និងការផ្តល់ធុងសំរាមដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងបែងចែកសំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះត្រូវពិនិត្យរៀបចំលិខិតបទដ្ឋានគតិយុត្តិ ដើម្បីគ្រប់គ្រងប្លាស្ទិក ពិសេសប្លាស្ទិកដែលប្រើតែម្តង ព្រមទាំងជំរុញវិធានលើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែម របស់អ្នកផលិត ទាក់ទងនឹងឥណទានប្លាស្ទិកសម្រាប់កម្ពុជា។

លោកស្រី Alissar Chake, តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានសំដែងសេចក្តីសង្ឃឹមថា គម្រោងស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នឹងចូលរួមជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថ ឆ្ពោះទៅរកការលើកកម្ពស់ផលិតកម្មស្អាត និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព និងបង្កើនសេដ្ឋកិច្ចចក្រានៅកម្ពុជា។ គម្រោងក៏បានលើកទឹកចិត្តផ្តល់ការគាំទ្រទុន លើការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងការអនុវត្តគម្រោងផងដែរ។

ដោយឡែកលោក H.E. Mr. UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងសាទរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងគុណភាពបរិស្ថាន និងបានប្រកាសគាំទ្រពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសជាមួយក្រសួងបរិស្ថាន និងដៃគូសហការផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិកនៅទីប្រជុំជននៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោងស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជប៉ុននិងការគាំទ្របច្ចេកទេសពីអង្គការ UNDP។ គម្រោងស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នឹងកំណត់គោលដៅតំបន់ទីក្រុង នៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ សៀមរាប និងព្រះសីហនុ និងខេត្តជាប់មាត់សមុទ្រ មានខេត្តកែប កំពត និងកោះកុង ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព។

ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (ស្អាត បៃតង និងនិរន្តរភាព) កម្ពុជាបានទទួលជោគជ័យក្នុងយុទ្ធនាការកាត់បន្ថយប្លាស្ទិក រួមមាន «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលផ្តើមចេញពីកុមារ សិស្សានុសិស្សនៅតាមសាលារៀន រហូតមានអ្នកចូលរួមទូទាំងប្រទេសជាង១០លាននាក់។ បន្ទាប់មកក្រសួងបរិស្ថានបានទទួលការគាំទ្រនិងចូលរួមបន្ថែមទៀត ដល់យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក»។

យុទ្ធនាការទាំងអស់របស់ក្រសួងបរិស្ថាន បាននិងកំពុងចង់ប្រែក្លាយសកម្មភាព ទៅជាចលនាដែលអនុវត្តជាប្រចាំ ដើម្បីប្រជាជនយើង មានការផ្លាស់ប្តូរឥរិយាបថ ចូលរួមក្នុងសកម្មភាពជាក់ស្តែង ដើម្បីថែរក្សា និងការពារបរិស្ថាននិងធនធានធម្មជាតិ តាមរយៈទម្លាប់ស្អាត ស្រឡាញ់ភាពបៃតង និងរស់នៅប្រកបដោយនិរន្តរភាព នាថ្ងៃអនាគត ជាពិសេសនៅតាម ភូមិ ឃុំ ស្រុក សាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងតាមសហគមន៍មូលដ្ឋាន៕