(ភ្នំពេញ)៖ មន្រ្តីនគរបាលបានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅមុននេះបន្តិចថា អ្នកទោស សោម ឯក ដែលរត់គេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានវិញហើយ។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធានាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជាក់យ៉ាងខ្លីថា «យើងកំពុងធ្វើកិច្ចការងារនេះ យ៉ាងមមាញឹក»។
ទោះបីយ៉ាងលោក មិនទាន់អាចបញ្ជាក់ពីទីកន្លែងដែលចាប់ឃាត់ខ្លួនអ្នកទោស សោម ឯក នោះទេ ដោយសារបារម្ភអំពីបញ្ហាសុវត្ថិភាព។ សូមរង់ចាំព័ត៌មានបន្ថែម នៅពេលបញ្ជូនមកដល់ក្រសួងមហាផ្ទៃ។
សូមជំរាបថា លោក សោម ឯក ត្រូវបានតុលាការសម្រេចផ្តន្ទាទោស៤៤ឆ្នាំ៦ខែ តែអនុវត្តទោសបានតែ ៧ឆ្នាំ ០៨ខែ និង២៥ថ្ងៃ ក៏ប៉ុន្តែបានរត់គេចខ្លួនពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត នាយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦, ប៉ុន្តែនៅពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានវិញហើយ។
សូមបញ្ជាក់ថា បន្ទាប់ពីអ្នកទោសម្នាក់ជាប់ពាក់ព័ន្ធ នឹងការដាក់បង្កៃគ្រាប់បែក នៅទីសាធារណៈនារាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់កាលពីថ្ងៃទី០៨ ខែតុលា, ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ី វណ្ណនី បានចេញដីកាភ្លាម បង្គាប់ឲ្យកម្លាំងសាធារណៈទាំងអស់ ស្វែងរកចាប់ខ្លួនអ្នកទោស សោម ឯក យកមកអនុវត្តទោសតាមអំណាចសាលក្រម៕