(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរបានថ្លែងអំពាវនាវថា សូមប្រកាសគោរពអញ្ជើញបងប្អូនអ្នកសិល្បៈគ្រប់ទម្រង់ទាំអស់ បន្តចុះឈ្មោះចូលជាសមាជិកសមាគមសិល្បករខ្មែរ ឱ្យកាន់តែច្រើន ក្នុងបំណងរួមគ្នាជាកម្លាំងឱ្យកាន់តែច្រើន និងរឹងមាំ ដើម្បីបន្តថែរក្សាការពារ អភិវឌ្ឍន៍ វិស័យសិល្បៈ វប្បធម៌កម្ពុជាឱ្យកាន់តែលេចធ្លោរឡើងទាំងក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរក៏កំពុងប្រែខ្លួនឱ្យក្លាយជាតួអង្គដ៏សំខាន់ ចូលរួមចំណែកយ៉ាងសកម្មជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្សថែរក្សា និងអភិវឌ្ឍន៍វិស័យសិល្បៈ ពិសេសរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងអំពាវនាវដល់អ្នកសិល្បៈគ្រប់ទម្រង់ចុះឲ្យចូលជាសមាជិកកាន់តែច្រើន របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គឺបានធ្វើឡើងក្នុងឱកាសនៃពិធីបើកសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ នាយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានរបស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានផ្ដល់កិត្តិយដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួម និងកាត់ខ្សែបូណ៌សម្ពោធការិយាល័យធ្វើការថ្មីរបស់សមាគមសិល្បករខ្មែរ ព្រមទាំងវត្តមានលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា បងប្អូនសិល្បករ-សិល្បការិនីទាំងអស់ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករញាំងឱ្យពិធី សម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ កាន់តែមានភាពអធិកអធ័ម និងសប្បាយរីករាយ។
ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦រូបនេះ បានថ្លែងបន្តថា ពិធីនេះជាការជួបជុំប្រកបដោយអត្ថន័យ និងខ្លឹមសារ ដែលជាសក្ខីភាពបញ្ជាក់ពីការបើកទំព័រថ្មីមួយទៀតរបស់សមាគមសិល្បករខ្មែរ ក្នុងការរៀបចំនូវមូលដ្ឋានគ្រឹះឱ្យកាន់តែរឹងមាំ ដើម្បីបន្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នាឆ្នាំ២០២៥ និងពេលអនាគត។ ក្នុងន័យនេះ ចក្ខុវិស័យរបស់យើងពិតជាមានទំហំធំធេង ដែលបាននិងកំពុងរៀបចំកែប្រែសមាគមសិល្បករខ្មែររបស់យើង ពីស្ថាប័នមួយដែលគ្រាន់តែអាចត្រឹមជួយសិល្បករចាស់ជរា និងអ្នកជួបការលំបាក មកជាស្ថាប័នតំណភ្ជាប់មួយដ៏ធំដែលអាចជួយផ្សព្វផ្សាយ ពីសិល្បៈវប្បធម៌របស់ខ្មែរឱ្យកាន់តែមានភាពទូលំទូលាយទាំងនៅលើឆាកជាតិ និងអន្តរជាតិ។
លោកជំទាវអ្នកឧកញ៉ាប្រធានសូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរៀមច្បងសិល្បករ និងបងប្អូន សិល្បករទាំងអស់ដែលបានគាំទ្រ និងផ្តល់ទំនុកចិត្តបោះឆ្នោតឱ្យលោកជំទាវប្រធាន ពិសេសនៅតែបន្តគាំទ្រ ចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់សកម្មភាពទាំងអស់របស់សមាគមសិល្បករខ្មែរអាណត្តិទី៦នេះ។
ជាការពិតក្នុងរយៈពេលដ៏ខ្លីនេះ សមាគមបានរួមគ្នាបំពេញកិច្ចការងារជាច្រើន ទាំងកិច្ចការងារសប្បុរសធម៌ អភិរក្ស អភិវឌ្ឍក្នុងវិស័យសិល្បៈ និងចូលរួមកិច្ចការងារសង្គម។ ទន្ទឹមនឹងគ្នានោះ សមាគមក៏កំពុង ព្យាយាមសម្រេចឱ្យបាននូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំបន្ថែមទៀត ក្នុងការជួយជំរុញលើកស្ទួយអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមម្លប់សន្តិភាពនៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សមាគមសិល្បករខ្មែរបាននឹងកំពុងបន្តសកម្មភាពជាច្រើនដូចជា៖
*ទី១. បានចុះឈ្មោះសិល្បករចំនួន ៧៣០នាក់ ជាសមាជិក និងបន្តចុះឈ្មោះបន្ថែមដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាក់ស្តែង។
*ទី២. ដាក់ចេញនូវផែនការសកម្មភាពជាលក្ខណៈយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៥ ក្នុងអាណត្តិទី៦។
*ទី៣. បន្តកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីស្វែងរកជំនួយសប្បុរសសម្រាប់លើកស្ទួយដល់សិល្បៈវប្បធម៌ខ្មែរ។
*ទី៤. ជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈ តាមរយៈការបង្កើតស្នាដៃ ផលិតកម្មសិល្បៈគ្រប់ទម្រង់ក្នុងគោលបំណងផ្តល់ឱកាសការងារជូនសិល្បករ អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធ ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដើម្បីពង្រីកនូវការផ្សព្វផ្សាយអំពីវប្បធម៌ទេសចរណ៍កម្ពុជា។
*ទី៥. ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ គណៈកម្មការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធដទៃទៀត ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ក្រមសីលធម៌សង្គម និងជាឧត្តមប្រយោជន៍ដល់សិល្បករ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជាយើង។
នៅឆ្នាំ២០២៥នេះ សមាគមសិល្បករខ្មែរនឹងបន្តសកម្មភាពមួយចំនួន ដែលកំពុងធ្វើរាល់ថ្ងៃ ដូចជាការជួយផ្នែកសប្បុរសធម៌ ការជួយផ្នែកផ្លូវច្បាប់ដល់សិល្បករ ដែលមាទវិវាទ ឬបញ្ហាផ្សេងៗ ការចូលរួមក្នុងចលនា ឬសកម្មភាពសង្គមនានា និងការរៀបចំព្រឹត្តិការណ៍សិល្បៈ ដើម្បីរួមចំណែកជួយអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ ពិសេសការរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលកម្ពុជា ជាក់ស្តែងដូចជាព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ជាដើម។
នៅក្នុងឆ្នាំ២០២៥នេះ សមាគមសិល្បករខ្មែរនឹងបង្កើត៖
*ទី១, ថ្នាលសិល្បៈ៖ សមាគមនឹងបង្កើត ថ្នាក់បណ្តុះបណ្តាលជំនាញសិល្បៈជាច្រើនទម្រង់សម្រាប់អ្នកដែលមានបំណងចូលបម្រើវិស័យសិល្បៈ ឬស្រឡាញ់សិល្បៈ។
*ទី២, យើងនឹងបង្កើត «កម្មវិធីលើកម្រាលព្រំក្រហម» ឬមហាសន្និបាទសិល្បៈប្រចាំឆ្នាំ ដោយដាក់ឈ្មោះថា «អ្នកស្នងមរតក» ដែលនេះជាវេទិកាជជែកដេញដោល និងជួបជុំដ៏ធំប្រចាំឆ្នាំរបស់អ្នកសិល្បៈ ដើម្បីផ្លាស់ប្តូរយោបល់កែលម្អជួយគ្នា និងបង្កើនភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នា។
លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរបានគូសបញ្ជាក់ថា៖ «ឆ្លៀតក្នុងឱកាសដ៏មហាសប្បាយរីករាយនាពេលនេះ តាងនាមសមាគមសិល្បករខ្មែរ នាងខ្ញុំមានកិត្តិយសសូមប្រកាសជាផ្លូវការថា សមាគមសិល្បករខ្មែរ នឹងផ្តល់ការឧបត្ថម្ភ ប្រចាំខែជូនដល់សិល្បករ រៀមច្បងមួយចំនួន ដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាព»។
ជាមួយគ្នានេះ លោកជំទាវនឹងបន្តព្យាយាមសុំអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិតជាច្រើនកន្លែងបន្ថែមទៀត សម្រាប់ផ្តល់ជូនដល់សិល្បករ ឬកូនចៅអ្នកសិល្បៈជាសមាជិក ហើយសមាគមក៏បាននិងកំពុងខិតខំស្វែងរកផលប្រយោជន៍ជាច្រើនបន្ថែមទៀត ជូនបងប្អូនអ្នកសិល្បៈជាសមាជិកទាំងអស់៕