(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។

សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅ​ការ​ងារ​​ឆ្នាំ២០២៥ ចាប់ផ្តើមនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ហើយបិទបញ្ចប់នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

សន្និបាត ដែលមានរយៈពេលមួយថ្ងៃកន្លះនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំតំណាងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានី-ខេត្ត អង្គការដៃគូ វិស័យឯកជន សមាគមទេសចរណ៍ និងក្រុមហ៊ុនវិនិយោគសរុបប្រមាណ ១២០០នាក់។

សម្រាប់ពិធីបិទសន្និបាតនារសៀលថ្ងៃនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អង្គទូត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធផងដែរ។

អង្គសន្និបាត បានពិភាក្សាលើកយោបល់ ផ្លាស់ប្តូរទស្សនៈ និងវាយតម្លៃលើលទ្ធ​ផល​ការ​ងារទេសចរណ៍រយៈពេល១ឆ្នាំ តាមរយៈការអញ្ជើញចូលរួមធ្វើបទបង្ហាញពីសំណាក់​វាគ្មិន​មកពីវិស័យសាធារណៈ និងផ្នែកឯកជនលើប្រធានបទចំនួន៤ រួមមាន៖

* ប្រធានបទទី១ ៖ ការគ្រប់គ្រងកិត្តិនាមកម្ពុជា និង យុទ្ធនាការទាក់ទាញទេសចរណ៍ កម្ពុជា
* ប្រធានបទទី២៖ វឌ្ឍនភាពនៃការគ្រប់គ្រង់ និងការសម្រួលការធ្វើដំណើរ
* ប្រធានបទទី៣៖ ការគ្រប់គ្រង និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍
* ប្រធានបទទី៤៖ ស្ថានភាពទេសចរតាមកញ្ចប់ទស្សនកិច្ចនិងការវិភាគផល សេដ្ឋកិច្ច នៃវិស័យទេសចរណ៍

សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦,៧០លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ទេសចរផ្ទៃក្នុងចំនួន ២៦,៥លាននាក់ ក្នុងនោះទេសចរជាតិជាង ២២,៥លាននាក់ និងទេសចរបរទេសជិត ៤លាននាក់ កើន​ឡើង​ជាង ៥៤ភាគរយ និងទេសចរជាតិចេញក្រៅជិត ១,៨៥លាននាក់ កើនឡើង ១,៤ភាគរយ ធៀបឆ្នាំ២០២៣ និងទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៣,៦ពាន់លានដុល្លា។

ក្រុមហ៊ុនអាកាសចរណ៍ បាននិងកំពុងប្រតិបត្តិមានចំនួន ៣២ក្រុមហ៊ុន ក្នុងនោះក្រុម​ហ៊ុន​អាកាសចរណ៍ជាតិចំនួន ៤ក្រុមហ៊ុន និងមានជើងហោះហើរអន្តរជាតិ ចូលសរុបជាង២៥ពាន់ជើង៕