(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញរូបភាពលើទីលានវាយកូនគោលខៀវស្រងាត់ ជាមួយឯកសណ្ឋានអាវ និងមួកពណ៌ក្រហមដ៏ឆើតឆាយ។

ការបង្ហាញខ្លួនរបស់សម្តេចតេជោ លើទីលានវាយកូលគោលនាព្រឹកថ្ងៃនេះ គឺពីរថ្ងៃ​ក្រោយ បន្ទាប់ពីសម្តេចតេជោប្រកាសពីការកើតជំងឺកូវីដ១៩។

សម្តេចតេជោ បានបញ្ជាក់ថា ទោះបីកើតជំងឺកូវីដ១៩ តែកម្លាំងរបស់សម្តេចមិនស្រកស្រុតនោះទេ គឺនៅតែខ្លាំងប្រៀបដូចយុវជនអាយុជាង៣០ឆ្នាំ។

សម្តេចតេជោ បានគូសរំលេចតាមរយៈបណ្តាញសង្គហ្វេសប៊ុក យ៉ាងដូច្នេះ «អ្នកជំងឺ​កូុវី​ដវាយកូនគោល! មានអ្នកបន់ឱ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់​ឱ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួនតិចតួចដែលសុទ្ធសឹងតែពួក​​ជ្រុល​និយម។
ព្រឹកនេះខ្ញុំប្រើពេលជាង៣ម៉ោង វាយកូនគោលកម្លាំងប្រៀបដូចយុវជនអាយុ​ជាង​៣០ឆ្នាំ​ពេលវាយ driver ចេញ។ គ្មានក្អកគ្មានហៀរសំបោរ»។

សម្តេចតេជោ បន្ថែមថា «ទាំងគ្រូពេទ្យ និងបងប្អូនផ្សេង​ទៀត បានលើកទឹកចិត្តឱ្យខ្ញុំហាត់ប្រាណទើបឆាប់ជាសះស្បើយ។ ខ្ញុំយកការវាយកូនគោលជាកីឡាដែលខ្ញុំចូលចិត្តដើម្បីហាត់ប្រាណ តែខ្ញុំនៅតែប្រុង​ប្រយ័ត្ន​មិនឱ្យជំងឺខ្ញុំឆ្លងទៅអ្នកផ្សេងទៀតពិសេសកូនៗ ដែលបម្រើការងារនៅ​តារាងកូនគោល»

សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតបញ្ជាក់ដែរថា ដរាបណាការធ្វើតេស្តនៅតែមានវិជ្ជមានកូវីដ-១៩ សម្តេចនៅតែមិនចូលរួមប្រជុំ ឬទទួលភ្ញៀវនោះទេ។

ទោះយ៉ាងណាសម្តេចខ្ញុំសង្ឃឹមថា នឹងបានចូលរួមអាពាហ៍ពិពាហ៍កូនអ្នកឧកញ្ញា លី ហួរ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ខាងមុខ៕