(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,០២៦នាក់។
ជាកិច្ចចាប់ផ្តើមលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់បន្ត ប្រកាន់យកឥរិយាបទនៃការខិតខំប្រឹងប្រែងធ្វើការងារ និងសិក្សារៀនសូត្រឱ្យកាន់តែមានភាពរីកចំរើន ហើយកាន់តែមានភាពម្ចាស់ការលើភារកិច្ចដែលខ្លួនទទួលខុសត្រូវ។
ជាកិច្ចបន្តលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកគោលគំនិតរបស់ទស្សនវិជ្ជា និងបានរំលេចពីសារៈសំខាន់របស់ទស្សនវិជ្ជា ក្នុងការជួយលើកតម្កើនការយល់ឃើញ របស់ថ្នាក់ដឹកនាំឱ្យឈានដល់ចំនុចខ្ពស់មួយ ដែលអនុញ្ញាតឱ្យអ្នកដឹកនាំ អាចមើលឃើញបញ្ហាកាន់តែច្បាស់ និងបានយល់ពីកត្តាពាក់ពន្ធ័និងទិដ្ឋភាពរបស់បញ្ហានៅក្នុងកាល និងទីកន្លែងដែលកើតមាន។
លោកសាស្រ្តាចារ្យបានលើកយកទ្រឹស្តីគន្លឹះរបស់ទស្សនវិជ្ជាបែបសម្ភារៈនិយម (Materialism) និងទស្សនវិជ្ជាបែបមនោនិយម (Idealism) និងទំនាក់ទំនងរវាងសម្ភារៈនិយម និងមនោនិយម មកធ្វើការឆ្លុះបញ្ចាំង។ នៅក្នុងជិវិតជាក់ស្តែង ដើម្បីធ្វើការសម្រេចចិត្តឱ្យកាន់តែមានភាពស៊ីជម្រៅ អ្នកដឹកនាំត្រូវធ្វើការសម្រេចចិត្តត្រូវឈរលើអន្តរកម្មរវាងកត្តាសត្យានុមត័ និងកត្តាអត្តនោម័ត ដែលក្នុងនោះ អ្នកដឹកនាំត្រូវរក្សាកម្រិតនៃការជះឥទ្ធិពលពីកត្តាអត្តនោម័តទៅលើកត្តាសត្យានុមត័អោយបានត្រឹមត្រូវ។
ក្នុងវគ្គបណ្ដុះបណ្ដាលដែលធ្វើបានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក៏មានបទបង្ហាញចែករំលែកបទពិសោធន៍ ដឹកនាំការងារសុខាភិបាល ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ៕