(អាហ្វ្រិកខាងត្បូង)៖ បណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីបើកសន្និបាតហិរញ្ញវត្ថុជាសកល ប្រចាំឆ្នាំ២០២៥ (Finance in Common Submit ២០២៥)។
កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីហិរញ្ញវត្ថុសាធារណរដ្ឋអាហ្វ្រិកខាងត្បូង, អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ, ទេសាភិបាលនៃធនាគារកណ្តាលសាធារណៈរដ្ឋបារាំង និងជាប្រធានធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS), ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ , ក្រោមប្រធានបទស្តីពី «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌, បរិយាប័ន្ន, និងចីរភាព (Fostering Infrastructure and Finance for Just and Sustainable Growth)»។
បន្ថែមពីលើនេះ លោកបណ្ឌិតប្រតិភូក៏ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនបន្ថែមមួយទៀតក្នុងនាមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក ដោយផ្តោតលើប្រធានបទ ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ ដែលមានសហប្រធានដឹកនាំកិច្ចពិភាក្សាដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសប្រេស៊ីល និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេស៊ី ដោយឯកឧត្តមគ្រោងលើកអំពីកិច្ចខិតខំរបស់ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកប ដោយចីរភាព។
បណ្ឌិត កៅ ថាច បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈសន្និបាតនេះ ឯកឧត្តមបណ្ឌិតនឹងផ្សព្វផ្សាយជូនអង្គសន្និបាតហិរញ្ញវត្ថុ សកល អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។
សន្និបាតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-២៨ ខែកុម្ភៈ នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ក្រោមកិច្ចសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង និងធ នា គារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដោយមានការគាំទ្រពីទីភ្នាក់ងារ បារាំង សម្រាប់ ការអភិវឌ្ឍន៍ ។
សូមជម្រាបថា (AFD )Agence Française de Développement:ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ
(AIIB ) Asian Infrastructure Investment Bank:ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
(DBSA) Development Bank of Southern Africa:ធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង(FiCS) Finance in Common Summit:សន្និបាតហិរញ្ញវត្ថុ ជាសកល៕