(ម៉ាឡេស៉ី)៖ ក្នុងជំនួបសន្ទនារវាង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Sjafrie Sjamsoeddin រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី ក្រោយកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat)  នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានរម្លឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនាពេលកន្លងមកជាពិសេសរវាងកងទ័ពជាតិឥណ្ឌូនេស៊ី ជាមួយបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកកម្ពុជា។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៉ី បានបញ្ជាក់ថា ទំនាក់ទំនងរវាងកងទ័ពទាំងពីរ បាននាំនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ កម្ពុជា ឥណ្ឌូណេស៊ី ហើយឥណ្ឌូនេស៊ីនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត ពីព្រោះកម្ពុជា គឺជាដៃគូរដ៏មានសារៈសំខាន់របស់ឥណ្ឌូណេស៊ី។

ឆ្លើយតបវិញ នាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី ដែលក្នុងរយៈពេលកន្លងមកឥណ្ឌូនេស៊ីបានជួយឧបត្ថមគាំទ្រដល់ រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា ក្នុងការហ្វឹកហ្វឺនដល់កម្លាំងកងទ័ពពិសេសកម្ពុជា។

នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា កងទ័ពពិសេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគ្រោះមហន្តរាយ និងបង្រ្កាបបទល្មើសបទល្មើសផ្សេងៗ។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានស្នើសុំឥណ្ឌូនេស៊ីឱ្យបន្តជួយហ្វឹកហ្វឺនដល់កងទ័ពពិសេស កម្ពុជាដើម្បីបង្កើនធនធានមនុស្សដល់ កងយោធពលខេមរភូមិន្ទឱ្យបានកាន់តែរឹងមាំ។

តាមរយៈសំណូមពររបស់ នាយឧត្តមសេនីយ៍ ទៀ សីហា, រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានបញ្ជាក់ថា ដោយមើលឃើញថាដោយកងទ័ពពិសេសកម្ពុជាបានដើរតួនាទីសំខាន់ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ឥណ្ឌូនេស៊ីនឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កងទ័ពពិសេសកម្ពុជា៕