(មណ្ឌលគិរី)៖ ក្រុមអ្នករកស៊ីរ៉ែមាស នៅចុងផ្លាស់ជាង៥០០នាក់ នៅខេត្តមណ្ឌលគិរី បានផ្តិតមេដៃសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អនុញ្ញាតឲ្យពួកគេអាចធ្វើអាជីវកម្ម ដោយជីករណ្តៅរ៉ែមាស មានជម្រៅលើសពី២០ម៉ែត្រ។
ក្រុមអ្នករកស៊ីរ៉ែមាស ក៏បានសុំសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាលោករដ្ឋមន្រ្តី ស៊ុយ សែម បែងចែកឲ្យដាច់ពីគ្នា និងឲ្យបានច្បាស់លាស់រវាងផ្ទៃដី សម្រាប់ធ្វើអាជីវកម្មរ៉ែមាសរបស់សហគមន៍ និង ផ្ទៃដីសម្រាប់ធ្វើអាជីវកម្មរ៉ែរបស់ក្រុមហ៊ុនចិន ដើម្បីបញ្ចៀសទំនាស់ផ្សេងៗ។
ក្នុងលិខិតស្នើសុំកិច្ចអន្តរាគមន៍ ដែលមាន លោក តែ គឹមសាន លោក សេង ឌី និងលោក ឆាន់ ទៀង តំណាងឲ្យប្រជាពលរដ្ឋ ៥២៧នាក់ បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងសហគមន៍រស់នៅដោយពឹងផ្អែកទាំងស្រុងលើអាជីវកម្មជីករ៉ែ ហើយស្ថានភាពដីនៅទីនោះមិនអាច បង្ករបង្កើនផល ឬដាំដំណាំអ្វីផ្សេងបាននោះឡើយ។
ក្នុងលិខិតនោះ ក្រុមអ្នករកស៊ីជីករ៉ែមាស បានបញ្ជាក់ដូច្នេះ «តំបន់សហគមន៍រ៉ែមាសចុងផ្លាស់ ជាតំបន់ដែលពួកខ្ញុំរស់នៅ និងប្រកបមុខរបរធ្វើរ៉ែមាស តាមបែបបុរាណលក្ខណៈគ្រួសារតាំងពីឆ្នាំ១៩៨៨មកម្ល៉េះ រហូតដល់ឆ្នាំ២០១៥ ទើបក្រសួងរ៉ែ និងថាមពលផ្តល់សិទ្ធិ ស្របច្បាប់លើការធ្វើអាជីវកម្មរ៉ែមាស ទ្រង់ទ្រាយតូច ដល់សហគមន៍សិប្បកររ៉ែចុងផ្លាស់យើងខ្ញុំ ដោយកំណត់ជម្រៅមិនឲ្យលើសពី ២០ម៉ែត្រ។ ប៉ុន្តែរយៈពេលមួយឆ្នាំជាងមកនេះ ក្រោយពីពួកយើងខ្ញុំអនុវត្តន៍តាម ការកំណត់ជម្រៅមិនឲ្យលើស២០ម៉ែត្រ គឺពុំទទួលបានផលរ៉ែនោះទេ»។
ក្រុមអ្នករកស៊ីជីករ៉ែមាសនេះ បានបន្ថែមថា ការកំណត់របស់ក្រសួងរ៉ែឲ្យជីកជម្រៅមិនលើសពី ២០ម៉ែត្រនេះ គឺរកមិនឃើញមាស នោះឡើយ អាស្រ័យហេតុនេះពួកគាត់សុំបន្ថែមជម្រៅឲ្យដល់ ១៥០ម៉ែត្រ។
លោក តែ គឹមសាន តំណាងសហគមន៍បានបង្ហាញការរំពឹងទុកថា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងរ៉ែ នឹងពិចារណាលើសំណើ របស់ប្រជាសហគមន៍ ព្រោះប្រជាពលរដ្ឋនៅទីនោះ ពឹងផ្អែកលើការជីករ៉ែមាស ក៏ដូចជារើសអេតចាយ (រ៉ែមាស) យកទៅកិនរែង ទទួលបានកម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ដោយពុំចាំបាច់ធ្វើការចំណាកស្រុកទៅរកការងារផ្សេងៗ៕