(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវ​បណ្ឌិត ពេជ​ ចន្ទមុនី​ ហ៊ុន​ ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។

ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលឥស្លាម ជាលើកដំបូងនៅកម្ពុជា ដែលរៀបចំដោយអង្គការសម្ព័ន្ធ​ពិភពឥស្លាម នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាល បានផ្ដល់ជូនសហគមន៍ខ្មែរឥស្លាម ដូចជា៖ ការរៀបចំអាហារស្រាយបួសខែរ៉ាម៉ាឌនប្រចាំឆ្នាំ តាំងពីឆ្នាំ២០១៤មក ដែលមានអ្នកចូលរួមទាំងភ្ញៀវ-ជាតិ និងអន្តរជាតិជាមធ្យម ប្រមាណ៥០០០នាក់ក្នុងមួយឆ្នាំ។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ខ្ញុំនិងភរិយា នឹងចូលរួមជាលើកទី២ ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៩ នៃឆ្នាំ២០២៥ ដែលមានការចូលរួមសរុបចំនួន៦២០០នាក់»។ ជាមួយគ្នានេះ សម្តេចក៏បានអញ្ជើញមិត្តភក្តិបរទេសទាំងអស់ចូលរួមជាមួយសម្តេចផងដែរ។

បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី, សេរីភាពនៃការគោរពប្រតិបត្តិសាសនាឥស្លាមក៏ត្រូវបាន រាជរដ្ឋាភិបាលបើកទូលាយ ជាក់ស្ដែងសិស្ស-និស្សិតខ្មែរឥស្លាមអាចស្លៀកពាក់សម្លៀកបំពាក់ឥស្លាមទៅតាមគ្រឹះស្ថាន សិក្សាគ្រប់កម្រិត ហើយបងប្អូនជាស្រ្តី និងបុរសអាចពាក់មួកកន្តឹបសម្រាប់ប្រើប្រាស់ពេលស្លៀកពាក់ឯកសណ្ធាន ឯកសាររដ្ឋបាលដូចជា ថតរូប និងអត្តសញ្ញាណប័ណ្ណ។

សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា នៅកម្ពុជាមានកន្លែងថ្វាយបង្គំ នៅតាមព្រលានយន្តហោះ មន្ទីរពេទ្យរដ្ឋ រោងចក្រ សណ្ឋាគារ និងផ្សារធំៗមួយចំនួន ជាពិសេសនៅវិមានសន្តិភាព និងទីស្ដីការគណៈរដ្ឋមន្រ្តីក៏បានរៀបចំបន្ទប់ ថ្វាយបង្គំផងដែរ៕