(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សូមសម្តែងការកោតសរសើរចំពោះអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានជួយផ្ចុងផ្តើមរៀបចំកិច្ចប្រជុំកំពូលនេះ ដែលជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រ ដែលកម្មវិធីដ៏មានសារៈសំខាន់ និងមានអត្ថន័យជាសកល ក្នុងបរិការណ៍នៃសាសនាឥស្លាម ត្រូវបានប្រារព្ធឡើងនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកជួបបងប្អូនសាសនិកឥស្លាមសារជាថ្មី ក្នុងពិធីបើកកិច្ចប្រជុំកំពូល ឥស្លាម ក្រោមប្រធានបទ «ឥស្លាម និង ពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League "RABITAH")

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នៅក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការ- ក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក (RISEAP) សម្តេចបានសន្យាថា នឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលឥស្លាមនេះ។

ការមានប្រសាសន៍បែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និង ពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងការកោតសរសើរចំពោះអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានជួយផ្ចុងផ្តើមរៀបចំកិច្ចប្រជុំកំពូលនេះ ដែលជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រ ដែលកម្មវិធីដ៏មានសារៈសំខាន់ និងមានអត្ថន័យជាសកលក្នុងបរិការណ៍នៃសាសនាឥស្លាម ត្រូវបានប្រារព្ធឡើងនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា»

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ជាតិ សាសនា ព្រះមហាក្សត្រ» គឺជាបាវចនាជាតិរបស់កម្ពុជា, ហើយរដ្ឋធម្មនុញកំណត់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ, ប៉ុន្តែយើងពិតជាមាន មោទនភាពក្រៃលែង ដែលអង្គការសម្ព័ន្ធពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីភាព, ភាពអត់ឱន, ភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ដោយហេតុថាកត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដូចដែលសម្តេចបានលើកកាលពីពេលថ្មីនេះមកថា ជាតថភាពប្រវត្តិសាស្ត្រ, ការជំរុញសុខដុមនីយកម្មសាសនា គឺជាឌីអេនអេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។

បន្ថែមពីនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមសម្តេចជាថ្នាក់ដឹកនាំបន្តវេន សម្តេចសូមធានាអះអាងថា យើងនឹងនៅតែបន្តអនុវត្តគោលនយោបាយនេះ ពីព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិយើងទាំងមូល៕