(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាថ្មីម្តងទៀត បានថ្លែងថា ការជំរុញសុខដុមនីយកម្មសាសនា គឺជាឌីអិនអេ (DNA) របស់គណបក្សប្រជាជនកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាមនិងពុទ្ធសាសនា» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនារបស់កម្ពុជា ហើយរដ្ឋធម្មនុញ្ញកំណត់យកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ប៉ុន្តែកម្ពុជាពិតជាមានមោទនភាពក្រៃលែង ដែលអង្គការសម្ព័ន្ធពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីភាព ភាពអត់ឱន និងភាពជ្រុលនិយម និងសុខដុមរមណីយកម្មជាតិសាសន៍និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដូចដែលខ្ញុំបានលើកកាលពីពេលថ្មីនេះមកថា ជាតថភាពប្រវត្តិសាស្ត្រ, ការជំរុញសុខដុមនីយកម្មសាសនា គឺជាឌីអេនអេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច»។
ក្នុងនាមសម្តេចជាថ្នាក់ដឹកនាំបន្តវេន សម្តេចបានធានាអះអាងថា នឹងនៅតែបន្តអនុវត្តគោលនយោបាយនេះ, ពីព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនាសាសនារបស់សង្គមជាតិយើងទាំងមូល។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការយកចិត្តទុកដាក់ទៅលើបងប្អូន ខ្មែរឥស្លាម និង បងប្អូនប្រកាន់យកសាសនាផ្សេងៗ គឺមានតាំងពីថ្នាក់ដឹកនាំកំពូល ដែលកាន់ព្រះពុទ្ធសាសនា រហូតដល់ថ្នាក់មូលដ្ឋានជាក់ស្តែង ដូចជាព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ បានផ្តល់ការសណ្ដោសប្រណីដល់សហគមន៍ចាម ដែលជាជនភៀសខ្លួន ដោយសារសង្គ្រាម បានមករស់នៅលើទឹកដីកម្ពុជា, បានរាជានុញ្ញាតដល់ជនជាតិចាម, ចូលរួមប្រយុទ្ធការពារទឹកដីកម្ពុជា ក្នុងសម័យអាណានិគមនិយមបារាំង និង បានប្រទាននាមដល់បងប្អូនជនជាតិភាគតិចាមថាជា «ខ្មែរឥស្លាម» នៅក្រោយទទួលបានឯករាជ្យពីបារាំងនាឆ្នាំ១៩៥៣ ដោយព្រះរាជតម្រិះ សព្វព្រះរាជហឫទ័យរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ក្នុងគោលបំណងចង់ឱ្យក្រុមជាតិភាគតិចចាម បានក្លាយជាពលរដ្ឋខ្មែរ, កាន់សាសនាឥស្លាមដោយស្របច្បាប់ និងក្លាយជាខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុកនូវអត្តសញ្ញាណដើមរបស់ពួគគេផងដែរ៕