(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលឥស្លាម ជាលើកដំបូងនៅកម្ពុជា រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញមោទនភាពដែលអង្គការមួយនេះ ទទួលស្គាល់ពីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា បើទោះបីរដ្ឋធម្មនុញ្ញរបស់កម្ពុជា កំណត់យកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋយ៉ាងណាក្ដី។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ដោយហេតុថា កត្តាសាសនាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា ហើយ «ជាតិ សាសនា ព្រះមហាក្សត្រ» គឺជាបាវចនាជាតិរបស់កម្ពុជា។

សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនាជាតិរបស់កម្ពុជា ហើយរដ្ឋធម្មនុញ្ញកំណត់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ, ប៉ុន្តែយើងពិតជាមានមោទនភាពក្រៃលែង ដែលអង្គការសម្ព័ន្ធពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីភាព, ភាពអត់ឱន, ភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដូចដែលសម្តេចបានលើកកាលពីពេលថ្មីនេះមកថា ជាតថភាពប្រវត្តិសាស្ត្រ, ការជំរុញសុខដុមនីយកម្មសាសនា គឺជាឌីអេនអេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។ ក្នុងនាមសម្តេចជាថ្នាក់ដឹកនាំបន្តវេន សម្តេចសូមធានាអះអាងថា នឹងនៅតែបន្តអនុវត្តគោលនយោបាយនេះ ពីព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិយើងទាំងមូល។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, គ្រប់សាសនាទាំងអស់ សុទ្ធតែបានតម្រង់ទិស សាសនិករបស់ខ្លួនទៅរកផ្លូវល្អ ប្រកបដោយសីលធម៌ គុណធម៌ មេត្តាធម៌ ភាពស្មោះត្រង់ និងសេចក្តីប្រោសប្រណី ចំពោះមនុស្សជាតិ និងរាល់ជីវិតទាំងអស់នៅលើលោក។ សម្ដេចក៏បានថ្លែងអំណរគុណដល់ គណៈគ្រប់គ្រងសាសនា ដែលគ្រប់គ្រងបានយ៉ាងល្អ នូវសមាសភាពដែលជាតំណាង នៃសាសនានីមួយៗ និងបានចូលរួមដោយសកម្មនៅក្នុងការអនុវត្តគោលនយោបាយធានាសុខដុមរមនាជាតិសាសន៍ និងសាសនារបស់កម្ពុជា៕