Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ធានាថែរក្សាភាពសុខសាន្ត និងសុខដុមរមនាសាសនា របស់សង្គមជាតិយើងទាំងមូល (Video inside)

27-02-2025 10:54

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធានាអះអាងថែរក្សាភាពសុខសាន្ត និងសុខដុមរមនាសាសនារបស់សង្គមជាតិយើងទាំងមូល នៅក្នុងនាមជាថ្នាក់ដឹកនាំបន្ត។ ការថ្លែងរបស់សម្ដេច បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ៖ «ឥស្លាមនិងពុទ្ធសាសនា» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនារបស់ជាតិកម្ពុជា ហើយរដ្ឋធម្មនុញ្ញ បានកំណត់យកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ។ ប៉ុន្តែយើងពិតជាមានមោទនភាពក្រៃលែង ដែលអង្គការសម្ព័ន្ធពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីមភាព ភាពអត់អោន និងភាពមិនជ្រុលនិយម នឹងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ដោយហេតុថា កត្តាទាំងនេះគឺជាធាតុផ្សំមិនអាចខ្វះបាន នៃសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា៖ «ដូចដែលខ្ញុំបានលើកកាលពីពេលថ្មីៗនេះមកថា ជាតថភាពប្រវត្តិសាស្រ្តការជម្រុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិនៃរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំបន្តវេន ខ្ញុំសូមធានាអះអាងថា យើងនៅតែបន្តអនុវត្តន៍គោលនយោបាយនេះ ព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិយើងទាំងមូល»

សូមជម្រាបថា នៅប្រទេសកម្ពុជាមានអ្នកប្រណិប័តន៍ព្រះពុទ្ធសាសនា ប្រមាណ ៩៥ % ខណៈសាសនាដទៃទៀតមានប្រជាជនប្រណិប័តន៍ប្រមាណ ៥% ដែលក្នុងនោះរួមមាន៖ ឥស្លាមសាសនា, គ្រិស្ដសាសនា និងព្រហ្មញ្ញសាសនា។ សាសនាអស់នៅក្នុងប្រទេសកម្ពុជា អាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា ទៅបានក៏អាស្រ័យទៅដោយមាននូវសន្តិភាពពេញលេញ និងការដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិ និងសាសនា របស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសន្តិភាព និងសាសនាទាំងអស់ បានរលាយបាត់ចេញពីប្រទេសកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ៕